រសៀលថ្ងៃប្រឡងបាក់ឌុបបញ្ចប់ បេក្ខជនមួយចំនួនវិលមុខសន្លប់ និងខ្លះមានបញ្ហាសុខភាព
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរូបភាពដំណើរការសំណេរ ថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥នេះថា មានបេក្ខជនមួយចំនួនជួបបញ្ហាសុខភាព ខ្លះវិលមុខសន្លប់ និងខ្លះទៀតមានបញ្ហាសុខភាព។
យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា នៅមណ្ឌលវិទ្យាល័យហ៊ុនសែនស្វាយអន្ទរ ខេត្តព្រៃវែង បេក្ខជនឈ្មោះ ហុន រស្មី ភេទស្រី បន្ទប់លេខ ១៨ តុលេខ ៤៣៤ ក្នុងម៉ោងមុខវិជ្ជាភាសាខ្មែរ បានមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបានបញ្ចូលទៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង ។
នៅមណ្ឌលវិទ្យាល័យព្រែកស្លែង ខេត្តកណ្តាល បេក្ខជនឈ្មោះ ទូច សុភ័ក្រ្ត ភេទ ស្រី លេខបន្ទប់ ១៧ លេខតុ ៤០៥ មានអាការ:វិលមុខ ស្នើសុំប្រឡងនៅបន្ទប់ដាច់ដោយឡែក ។
នៅមណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ នៅខេត្តកណ្ដាល បេក្ខជន ឈ្មោះ ស្រ៊ាម វណ្ណសាក់ លេខតុ ៨៩២ បន្ទប់លេខ ៣៦ បានប្រតិកម្មចំណីអាហារ ដោយគ្រូពេទ្យប្រចាំមណ្ឌលបានដាក់ស៉ឺរ៉ូម និងឱ្យបេក្ខជនត្រឡប់ទៅប្រឡងក្នុងបន្ទប់ប្រឡងវិញ។
នៅមណ្ឌលវិទ្យាល័យហ៊ុនសែន កំពង់កន្ទួត ខេត្ក កណ្ដាលមានបេក្ខជនប្រឡងចំនួន ០២នាក់ជួបបញ្ហាសុខភាព។បេក្ខជនទាំង២រូបនេះមានដូចជា៖
១- បេក្ខជននៅបន្ទប់លេខ ២៧ លេខតុ ៦៥៧ ឈ្មោះ ស្រ៊ិន និតា ភេទ ស្រី មានអាការៈមិនស្រួលខ្លួនវិលមុខ និងពិបាកដកដង្ហើម
២- បន្ទប់លេខ ២១ លេខតុ ៥០៣ ឈ្មោះ សុត សុខណាង ភេទ ស្រី មានអាការៈចុកក្នុងពោះ។
ប្រធានគណៈកម្មការអប្បមាទ និងប្រធានមណ្ឌល បានអនុញ្ញាតឱ្យប្រឡងនៅបន្ទប់ពិនិត្យសុខភាព ដោយមានអ្នកគ្រូអនុរក្ស ជំនួយការគណៈកម្មការអប្បមាទ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមលោកគ្រូ អ្នកគ្រូ ជាបុគ្គលិកសុខាភិបាល។
គួរបញ្ជាក់ថា បើតាមក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់ ,ដាក់ឱ្យប្រឡងដាច់ដោយឡែក៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងបានឱ្យដឹងដែរថា សម្រាប់បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន ១នាក់នៅខេត្តសៀមរាប។ថ្ងៃនេះដែរ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន ៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍ ១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព ១៣នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕






ដោយ៖ ម៉ាដេប៉ូ