ប្រជាពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងផ្នែកសុខភាព ពីកាកបាទក្រហមកម្ពុជា

(ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់អាស្រ័យក្នុងមណ្ឌលសុវត្ថិភាព និងប្រជាពលរដ្ឋដែលវិលត្រឡប់មកគេហដ្ឋានវិញ ក្នុងតំបន់ងាយរងហានិភ័យបន្ទាប់ពីជម្លោះនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

ក្រុមការងារបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រវត្តិចលនា, ការប្រើប្រាស់ និងការការពារបដិរូប, ការលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្សែងពុល, ការ ថែទាំសុខភាពសហគមន៍ និងវិជ្ជាសង្គ្រោះបឋម” ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជាមួយនឹងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ បណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ។ ពិសេសផ្តោតលើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅជំរំ ត្រលប់ទៅគេហដ្ឋានវិញ សូមបន្តយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម គ្រាប់បែកចង្កោម និងផ្សែងពុល វិជ្ជាសង្គ្រោះបឋម ការអប់រំសុខភាព និង អនាម័យ ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ភាពតានតឹងផ្លូវចិត្ត ដំណោះស្រាយ លំហាត់សម្រាកចិត្តកាយ (សមាធិ) ការស្តារជីវភាពឡើងវិញ តាមរយៈការដាំដំណាំ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាដើម។ល។

សូមបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពភៀសសឹក និងនៅតាមគេហដ្ឋាន ដោយផ្ទាល់ឱ្យបានទូលំទូលាយ និងជាបន្ទាន់ពិតជាមានសារៈសំខាន់ ព្រោះថាវិបត្តិបន្សល់ទុកពីសង្គ្រាមទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបង្កគ្រោះថ្នាក់ដល់សុខភាព ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និង ផ្នែកជីវភាពផងដែរ។

សូមជម្រាបជូនថា ក្នុងបេសកកម្មនេះដែរ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានផ្តល់ដល់សាខា កាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នូវឃីតសង្គ្រោះបឋមចំនួន ១០ឃីត, អាវនិមិត្តសញ្ញាកាកបាទក្រហម ចំនួន ១០អាវ, រូបភាពផ្សព្វផ្សាយពីមីន (poster) ចំនួន ៥០សន្លឹក, ផ្ទាំងផ្សព្វផ្សាយពីមីន (banner) ចំនួន ១ ផ្ទាំង, បណ្ណផ្សព្វផ្សាយសុខភាព ២០០សន្លឹក សម្រាប់បន្តចុះបំពេញការងារ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner