អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ប្រាប់អ្នកតំណាងថ្មី (UNDP) ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យ UNDP ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់ផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងគោលដៅផ្តល់នូវសុខសុវត្ថិភាពដល់ជនភៀសសឹក ក្រោយត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ ។

ការស្នើនេះ បានធ្វើឡើង ក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដែលបានអនុញ្ញាតឲ្យ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន ។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃរវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ដែលក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។

ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យ UNDP ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់សិក្សាវាយតម្លៃផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ដែលអនុវត្តដោយអង្គភាពស៊ីម៉ាក់ នៅតាមតំបន់អាទិភាព ដូចជាទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋាន និងតំបន់វាលស្រែ ជាដើម ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយ សារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងគោលដៅផ្តល់នូវសុខសុវត្ថិភាពដល់ជនភៀសសឹក ក្រោយពេលត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់បន្ថែម អាជ្ញាធរមីន មានបំណងរៀបចំនូវកម្មវិធីឆ្លើយតបបន្ទាន់ (Emergency Response Program) តាមការចាំបាច់ ដើម្បីស្វែងរកការគាំទ្រ និងកៀរគរធនធានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមតំបន់ដែលសេសសល់ ក្នុងការរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ។

ជាការឆ្លើយតប លោក អេនរីកូ ហ្គាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមកិច្ចការបោសសម្អាតមីនមនុស្សធម៌ ហើយលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង UNDP និងអាជ្ញាធរមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយមានការរួមចំណែកគាំទ្រពីប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួរ ផងដែរ។

អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តទៀតថា បច្ចុប្បន្ននេះ UNDP កំពុងរៀបចំគម្រោងថ្មីមួយបន្តពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ហើយ UNDP ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាមីនដែលនៅសេសសល់ និងធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB: អាជ្ញាធរមីន – Cambodian Mine Action Authority

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner