អនុប្រធានទី២ នៃព្រឹទ្ធសភា៖ បើគ្មានសន្តិភាព គឺគ្មានសិទ្ធអ្វីៗទាំងអស់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអនុញ្ញាត ឱ្យឯកឧត្តម TSUTSUMI Naohiro អគ្គរាជទូតសម្រាប់កិច្ចការសិទ្ធិមនុស្ស និងសន្តិភាព ស្ថិរភាពអន្តរជាតិ ក្រសួងការបរទេសជប៉ុន ចូលជួបពិភាក្សាការងារអំពីវឌ្ឍនភាព ស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ឯកឧត្តម TSUTSUMI Naohiro និងសេចក្តីរីករាយសម្រាប់ជំនួបពិភាក្សាដ៏សំខាន់ ក្នុងឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានជម្រាបឯកឧត្តមអគ្គរាជទូត ពីមនោសញ្ជេតនាដ៏ល្អរបស់ប្រជាជនកម្ពុជា ចំពោះប្រទេស និងប្រជាជនជប៉ុន ដែលតែងតែជួយកម្ពុជា ជាពិសេស ចាប់តាំងពី១៩៩៣ ទាំងក្នុងវិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំ។  

ក្នុងតួនាទីជាសមាជិកព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត បានវាយតម្លៃពីស្ថានភាពទូទៅ នៃការអនុវត្តច្បាប់ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានវឌ្ឍនភាពជាវិជ្ជមាន តាំងពីឆ្នាំ១៩៩៣មក ហើយការបោះឆ្នោតគឺ ទទួលបានការចូលរួមច្រើន ពីប្រជាជន (អត្រាខ្ពស់ជាង80%) ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម TSUTSUMI Naohiro បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តម បន្តថា ជប៉ុន គឺជាមិត្តដ៏ល្អរបស់កម្ពុជា មិនថាថ្ងៃនេះ ឬទៅថ្ងៃអនាគត ជប៉ុន នឹងបន្តចូលរួមជួយអភិវឌ្ឍកម្ពុជា លើគ្រប់វិស័យ ដែលរួមមានទាំងផ្នែកសិទ្ធមនុស្ស និងប្រជាធិបតេយ្យផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ជឿជាក់ថា កម្ពុជា នឹងបន្តពង្រឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតទៅមុខទៀត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ថា បើគ្មានសន្តិភាព គឺគ្មានសិទ្ធិអ្វីៗទាំងអស់ រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូចករណីព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន សិទ្ធិរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងលំនៅស្ថានឯកជនរបស់ប្រជាជនកម្ពុជា កំពុងត្រូវបានរំលោភបំពាន ដោយកងទ័ពថៃ បានបណ្ដេញពួកគាត់ចេញពីផ្ទះ និងប្រើបន្លាលួស ព័ន្ធភូមិដ្ឋានរបស់ពួកគាត់ដែលកំពុងរស់នៅ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner