ក្រសួងអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ៖ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន ១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ស្ពឺ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន កណ្តាល បាត់ដំបង ព្រៃវែង និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ។

ក្រសួងអប់រំបានឱ្យដឹងដែរថាក្នុងរយៈពេល ២ថ្ងៃនេះ បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង ១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។

បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី ក្នុងនោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី។ បេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី។

ក្រសួងថាបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង និងបានប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ហើយការយកសំណៅឯកសារចូលមណ្ឌលប្រឡងមានចំនួនតិចតួចបំផុត។ បេក្ខជនដែលបានប្រព្រឹត្តកំហុស ឆ្គងមាន ២ករណី និងគណៈមេប្រយោគ និងគណៈកម្មការនានាមានកំហុសឆ្គង ៥ករណី ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ពិសេស។

ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត ដើម្បីត្រៀមនីតិវិធី បញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែ។

គួរបញ្ជាក់ថា មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់។

ក្រសួងអប់រំបានបញ្ជាក់បន្ថែមថាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner