អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ នៅឃុំបឹងល្វា
កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ និងសិក្សានុសិស្សបានចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មការការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ មានប្រសាសន៍ថា កន្លងមកព្រៃឈើមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានរងការកាប់បំផ្លាញ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូចមួយចំនួន ដែលធ្វើឲ្យបាត់បង់ធនធានធម្មជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាដាំស្ដារ និងការពារព្រៃឈើឡើងវិញ និងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិសម្រាប់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗ ។ឯកឧត្តមក៏បានកោតសរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលបានដឹកនាំកងកម្លាំងចម្រុះ នៅតាមទីបញ្ជាការស្រាល ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ក្នុងរយៈពេលនៃយុទ្ធនាការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានចាប់ផ្ដើមពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាល បានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅមានចំនួនជិត ៤ហិកតា ដែលបច្ចុប្បន្នផ្ទៃដីនេះត្រូវបានកម្លាំងទីបញ្ជាការស្រាល និងស្ថាប័នជំនាញ នៃស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើខេត្ត ធ្វើការគ្រប់គ្រង កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង ៥ម៉ឺនដើមរួចមកហើយ ។
ឧត្តមសេនីយ៍ទោ បញ្ជាក់ថាកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមចំណែកដាំស្ដារព្រៃឈើឡើងវិញជាង ៣,០០០ ដើីម នឹងបានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចបន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗ ។
ដោយ :ប៊ុន រដ្ឋា


