ពលរដ្ឋថៃពេញចិត្តការដកអ្នកស្រីផែថងថាន តែ ក៏មានអ្នកបារម្ភ
បាងកក ៖ ប្រជាពលរដ្ឋថៃបានបញ្ចេញប្រតិកម្មនឹងការបណ្តេញអ្នកស្រី ផែថងថាន ចេញពីតំណែង នាយករដ្ឋមន្ត្រី ដោយមានទាំងការពេញចិត្ត និង ភ័យព្រួយបារម្ភ ពីស្ថានការណ៍នយោបាយ ប៉ះពាល់អាជីវកម្ម។
ភ្លាមៗ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រជាជន នៅទីក្រុងបាងកក បានបញ្ចេញប្រតិកម្ម នឹងការសម្រេច របស់តុលាការ ដូច្នេះ ដោយក្នុងនោះ មានទាំងការត្រេកអរ នឹងសាលក្រម និង សោកស្តាយ ជាមួយនឹងការព្រួយបារម្ភ។
បុរស ជាអ្នកប្រកប របរ បើកតាក់ស៊ី ម្នាក់ បាននិយាយថា «សប្បាយចិត្តណាស់» ដោយ លោកបានលើកហេតុផល ថា តាំងពីអ្នកស្រីបានឡើងធ្វើជានាយករដ្ឋមន្ត្រី មក គ្មានអ្វីប្រសើរឡើង នោះទេ។ យ៉ាងណាមិញ ស្ត្រីជាអ្នកលក់តាមដងផ្លូវ វិញ បាននិយាយថា «ខ្ញុំសោកស្ដាយ» និងព្រួយបារម្ភ ខណៈដែលអាជីវកម្មរបស់លោកស្រី ទើបតែកំពុងចាប់ផ្តើមឡើង។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែសីហា តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។
កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យអ្នកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់អ្នកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ អ្នកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ។
អ្នកស្រី បានក្លាយជាមេដឹកនាំ ត្រកូល ស៊ីណាវ៉ាត់ ទី៣ ដែលគេបណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រីថៃ ដោយគេដឹងថា ទី១ គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាត្រូវជាឪពុក របស់អ្នកស្រី និង ទី២ គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវជាម្តាយមីង របស់អ្នកស្រី ផែថងថាន។
យ៉ាងណា ទាំងលោក ថាក់ស៊ីន និង លោកស្រី យីងឡាក់ ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែរដ្ឋប្រហារយោធា មិនមែន ដោយតុលាការធម្មនុញ្ញ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត


