មន្ត្រីកាកបាទក្រហមកម្ពុជា បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ
(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារជំនាញ ចុះជួយដល់មណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលមានប្រជាជនកំពុងស្នាក់នៅបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ២កន្លែង ក្នុងចំណោម ៨មណ្ឌល ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ វត្តឧត្តរគិរីទួលអណ្តែត និងវត្តត្រាវគៀតមានជនភៀសសឹកប្រមាណជាង ១២០០គ្រួសារ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន ២៥នាក់ ត្រូវបានជ្រើសរើសនិងបណ្តុះបណ្តាល ស្តីអំពី “គោលការណ៍គ្រឹះទាំង ៧របស់ចលនា, ការប្រើប្រាស់និងការការពារបដិរូប, និងច្បាប់មនុស្សធម៌អន្តរជាតិ, ការលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្សែងពុល, ការថែទាំសុខភាព-អនាម័យ, សុខភាពមាតា ទារក និងកុមារ, យល់ដឹងជាមូលដ្ឋានសុខភាពផ្លូវចិត្ត, ការបៀតបៀនកេរ្តិ៍ខ្មាស់ និងអំពើហិង្សា ក្នុងគ្រួសារ ព្រមទាំងវិជ្ជាសង្គ្រោះបឋម” ដែលចំណេះដឹងទាំងអស់នេះត្រូវរៀនទ្រឹស្តីនៅពេលព្រឹក និងចុះអនុវត្ត ផ្ទាល់នាពេលរសៀល ។
អ្នកស្ម័គ្រចិត្ត និង មន្ត្រីកាកបាទក្រហមកម្ពុជា បានបំពេញភារកិច្ច ប្រកបដោយសេចក្តីអាណិត ស្រឡាញ់និងមាន ការទទួលខុសត្រូវខ្ពស់ ក្នុងការសម្អាតអនាម័យបរិស្ថាន, ការលាងសម្អាតបន្ទប់ទឹក, ការអប់រំដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលអំពីការថែទាំសុខភាព, ការបរិភោគអាហារ ទឹកឆ្អិន ដែលមានសុវត្ថិភាពត្រឹមត្រូវ, ការលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅពេលត្រឡប់ទៅលំនៅឋានវិញ, ការយល់ដឹងអំពីការបង្ការផ្សែងពុល ដោយការចាកចេញឆ្ងាយ ការប្រើម៉ាស់ការពារ/ក្រមា/ខ្ទឹមស/ម្រេចជាដើម ។ បន្ថែមពីលើនេះ មន្ត្រីកាកបាទក្រហមកម្ពុជា ក៏បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ យើងនៅក្រោមដំបូលតង់ ជាពិសេសស្ត្រីមានកូនតូច ដែលស្វាមីជាយុទ្ធជនជួរមុខ ដើម្បីកាត់បន្ថយភាព តានតឹងនិងការលំបាកចិត្ត ដើម្បីជួយលើកទឹកចិត្ត និងជំរុញឱ្យមានការលើកកម្ពស់សុខភាពផ្លូវចិត្តរៀងៗខ្លួន តាមរយៈការចូលរួមសកម្មភាពផ្សេងៗដូចជាការហាត់ប្រាណ ការលេងកីឡា និងត្រូវជៀសវាងការប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូនច្រើនពេក ដែលអាចទទួលរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយមួយចំនួន ។
ដោយឡែក, សម្រាប់កុមារា កុមារី រៀនពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៨ចំនួន ៣៨៤នាក់ (ក្នុងមណ្ឌលវត្តត្រាវគៀត ចំនួន ២៩៧នាក់ និងសាលាបឋមសិក្សាត្រាវគៀត ៨៧នាក់), ក្រុមការងារក៏បានចែកជូនសៀវភៅសរសេរចំនួន ៣៥០ក្បាល ប៊ិច ២០០ដើម និងខ្មៅដៃចំនួន៦០០ដើម ផងដែរ ។
បន្ថែមពីលើនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ ជូនស្បៀងបន្ថែមពីលើកមុនដែលបានចែកក្នុងទ្រង់ទ្រាយធំរួចមកហើយ រួមមានត្រីខចំនួន ៥កេស, ប្រេងឆា ៥កេស និងអំពូលសូឡា ៥០០វ៉ាត់ ចំនួន ១៥ ដល់មណ្ឌលវត្តត្រាវគៀត ព្រមទាំងឧបត្ថម្ភអំពូលសូឡា ៥០០វ៉ាត់ ចំនួន ១០ និងថវិកា ៨០០ដុល្លារអាម៉េរិក សម្រាប់សាងសង់រោងមួយខ្នង (ទទឹង៦ម៉ែត្រនិងបណ្តោយ៩ម៉ែត្រ) ដល់ មណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត ទៀតផង។
ឆ្លងកាត់ការពិភាក្សាចុងក្រោយមុននឹងបញ្ចប់បេសកកម្ម, អ្នកស្ម័គ្រចិត្តទាំង ២៥នាក់ ដែលបានបណ្តុះបណ្តាលរួច សម្តែងនូវភាពសប្បាយរីករាយនិងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការងារអប់រំផ្សព្វផ្សាយទៅមុខទៀត ។ រីឯប្រធានមណ្ឌលសុវត្ថិភាពទាំង២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យក្រុមការងារបច្ចេកទេសចុះជួយដល់មណ្ឌលទាំង២ ព្រមទាំងមានការ ជួយសម្រួលដល់ការលំបាក ដោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងជាពិសេសអំពូលសូឡាបំភ្លឺ នៅពេល រាត្រីក្នុងមណ្ឌល ។ ពិសេសជាងនេះទៅទៀត, សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអនុសាខាស្រុក គូលេន បានប្តេជ្ញាអនុវត្តការងារនេះជាមួយអ្នកស្ម័គ្រចិត្តទាំង ២៥នាក់ ដែលបានបណ្តុះបណ្តាលរួច នៅក្នុង មណ្ឌលសុវត្ថិភាពជាបន្តទៅទៀត និងគិតដល់ផែនការពេលជនភៀសសឹកវិលត្រឡប់ទៅគេហដ្ឋានវិញផងដែរ ៕
ដោយ / គ្រី សម្បត្តិ






