វៀតណាមនឹងលើកលែងទោស ជិត១ម៉ឺន៤ពាន់នាក់ ឱកាសបុណ្យជាតិ
ហាណូយ ៖ ប្រទេសវៀតណាមនឹងផ្តល់ការលើកលែងទោស ដល់ទណ្ឌិត ជិត ១៤,០០០នាក់ ក្នុងឱកាសបុណ្យជាតិ។
ទីភ្នាក់ងារព័ត៌មាន VNexpress បានចុះផ្សាយថា ប្រទេសវៀតណាមនឹងផ្តល់ការលើកលែងទោស ដល់បុគ្គល ចំនួន ១៣,៩២០នាក់ ក្នុងឱកាស ទិវាបដិវត្តន៍ ខែសីហា (១៩ សីហា) និង ទិវាជាតិ (ថ្ងៃទី ២ ខែកញ្ញា) នេះបើយោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយប្រធានរដ្ឋវៀតណាម លោក លឿង គឿង (Luong Cuong) កាលពីថ្ងៃទី ២៩ ខែសីហា។
បើតាម អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ អ្នកទាំងនោះ រួមមាន អ្នកទោសចំនួន ១៣.៩១៥ នាក់ និង ៥នាក់ ត្រូវបានព្យួរទោស ជាបណ្តោះអាសន្ន។
គួរបញ្ជាក់ដែរថា អ្នកទោសវៀតណាម ជាង ៨,០០០នាក់ ត្រូវបានដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ក្នុងឱកាស នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ។
វៀតណាមបានអនុវត្ត ការលើកលែងទោស ចំនួន៤០លើក ក្នុងរយៈពេល ៨០ឆ្នាំ។ ចាប់តាំងពីឆ្នាំ២០០៩ ការសម្រេចចិត្ត របស់ប្រធានាធិបតី ចំនួន១១លើក ដោយបានផ្តល់ផលប្រយោជន៍ ដល់អ្នកទោស ជិត១០ម៉ឺននាក់។
ថ្លែងមតិ នៅក្នុងសន្និសីទកាសែត អនុប្រធានការិយាល័យ ប្រធានាធិបតី បានអះអាងថា ការលើកលែងទោស គឺផ្អែកលើរដ្ឋធម្មនុញ្ញ និង អនុវត្តតាមច្បាប់ស្តីពីការលើកលែងទោស ឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំង ពីប្រពៃណីមនុស្សធម៌ របស់ប្រទេសជាតិ និង គោលនយោបាយបន្ធូរបន្ថយ របស់បក្ស និងរដ្ឋ។
ការលើកលែងទោស ធ្វើឡើង ដោយទទួលស្គាល់ ពីការកែលម្អ និងការប្រព្រឹត្តល្អ របស់អ្នកទោស ដែលគាំទ្រដោយស្ថាប័នអប់រំ, អាជ្ញាធរ, ក្រុមគ្រួសារ និង សង្គម៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត
