នាវាចម្បាំងអាមេរិកចូលព្រែកជីកប៉ាណាម៉ា

ការ៉ាកាស ៖ នាវាចម្បាំង ផ្ទុកមីស៊ីលអាមេរិក ត្រូវបានបើកចូលព្រែកជីក ប៉ាណាម៉ា ប្រទេសប៉ាណាម៉ា កាលពីយប់ថ្ងៃសុក្រទី២៩ ខែសីហា ដោយឆ្ពោះទៅកាន់ តំបន់ការ៉ាប៊ីន ចំពេលមានការដាក់ពង្រាយកងទ័ពជើងទឹក ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន នៅជិតឆ្នេរសមុទ្រ នៃ ប្រទេសវេណេហ្ស៊ុយអេឡា។

នាវា USS Lake Erie បានឆ្លងកាត់ ព្រែកជីក នៅម៉ោងប្រហែល ៩.៣០ យប់ម៉ោង ក្នុងស្រុក ខណៈដែល អ្នកកាសែត AFP នៅកន្លែងកើតហេតុ បានសង្កេតឃើញថា វាបានបន្តឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក ក្នុងការធ្វើដំណើរ ចម្ងាយ ៨០គីឡូម៉ែត្រ ដែលមានរយៈពេល ប្រហែល៨ម៉ោង។

សហរដ្ឋអាមេរិកបាននិយាយថា ការដាក់ពង្រាយនាវាចម្បាំង ទៅកាន់ភាគខាងត្បូងការ៉ាប៊ីន ក្បែរដែនទឹករបស់វេណេហ្ស៊ុយអេឡា គឺ ជាប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន។

ក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro ថា បានដឹកនាំក្រុមជួញដូរគ្រឿងញៀន ហើយបានបង្កើនប្រាក់រង្វាន់ទ្វេដង សម្រាប់ការចាប់ខ្លួនលោក ពោលគឺកើន រហូតដល់ ៥០លានដុល្លារ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនបានធ្វើការគំរាមកំហែង ជាសាធារណៈ ក្នុងការលុកលុយ ប្រទេសវ៉េណេស៊ុយអេឡា ទេ។

រដ្ឋាភិបាលទីក្រុង ការ៉ាកាស បានប្រកាស កាលពីថ្ងៃចន្ទ ពីការដាក់ពង្រាយកងកម្លាំងសន្តិសុខ ចំនួន ១៥,០០០នាក់ ទៅកាន់ព្រំដែន ជាប់ប្រទេសកូឡុំប៊ី សម្រាប់ប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន។

មួយថ្ងៃ ក្រោយមក វេណេហ្ស៊ុយអេឡា បានប្រកាសថា ខ្លួននឹងល្បាតដែនទឹក ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងនាវាកងទ័ពជើងទឹក។

លោក Maduro ក៏បានអះអាងថា បានប្រមូលសមាជិកកងជីវពល ជាងបួនលាននាក់ ក្នុងការឆ្លើយតបនឹងការគំរាមកំហែង របស់អាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner