គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ច​អ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

ភ្នំពេញ៖សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមក​ពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជាប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់​ខេត្ត​ចំនួន៣ គឺ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសន​កម្ម និងផលវិបាក ដែលបានកើត​ចេញ​ពីជម្លោះព្រំដែនកម្ពុជាថៃ។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ក្នុងដំណើរទស្សនកិច្ចនេះ ពិសេស​នៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរង​ការវាយប្រហាររពី​សំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ច​សម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌល​សុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នក​ជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុង​ស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀប​ចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាច​កើតឡើង​ទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។

ឯកឧត្តម ទេព អស្នារិទ្ធ ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរ​ទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅ​ដល់​គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌល​សុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់​ដោយសារការវាយប្រហារដោយ​គ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយ​បានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាក​ដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយ​ប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយ​ប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់​គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងការផ្លោងគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥​មីលីម៉ែត្រ ក្នុងនោះក៏មានស្លាកស្នាម​ជាច្រើន​ដែលបានបន្សល់ទុកពីការបាញ់​ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋស៊ីវិល ចាប់តាំងពីថ្ងៃផ្ទុះអាវុធដាក់គ្នាកាល​ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា។

ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានគូសរំលេចអំពីសារៈសំខាន់នៃសកម្មភាពចុះយកព័ត៌មានដោយផ្ទាល់របស់អ្នកសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់ ថាជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន ពិសេសពាក់​ព័ន្ធនឹង​ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យនៅពេលចុះយកនិងរាយការណ៍ព័ត៌មាន​ក្នុងតំបន់ជម្លោះព្រំដែន ដែលអ្នក​សារព័ត៌មានចាំបាច់ត្រូវអនុវត្តដោយ​អាជីព​និងក្រមសីលធម៌ និងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានខ្លួនឯងផង សម្រាប់ប្រជាជនដែល​រស់នៅក្នុង​សហគមន៍ដែលចុះ​ទៅ​នោះផង ក៏ដូចជាដើម្បីបង្ការហានិភ័យ​កុំឱ្យកើតមាន និងចូលរួមរក្សាការពារសន្តិសុខជាតិ។​

ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា៖ «ការផ្សព្វផ្សាយ ជាបន្តបន្ទាប់របស់​ក្រុមអ្នកសារព័ត៌មាន ទាំងពេលនេះ និង​នាពេលកន្លងមក បានរួមចំណែក​ដ៏សំខាន់ក្នុងការបញ្ជូនជាសារ ឱ្យបានដល់អន្តរជាតិបានដឹង អំពីស្ថានភាពពិត វិនាសកម្មដែលកម្ពុជាបានទទួលរង និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ពិសេសជនភៀសសឹកដែលកំពុងរស់នៅ តាមជំរុំបណ្តោះអាសន្ន»។ ឯការផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ បានចូលរួមចំណែកលាត​ត្រដាងការ​ពិតជូន​ដល់ពិភពលោកបានដឹងពីទុកសោកសង្រែងរបស់កម្ពុជា ព្រោះការវាយប្រហារដែលកងទ័ពថៃបានធ្វើ មិនត្រឹមបង្កមហន្តរាយមក​លើទាហានកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានប៉ះពាល់ និងបង្កផលវិបាកធ្ងន់​ធ្ងរ​មក​លើពលរដ្ឋកម្ពុជា ជនស៊ីវីលជាច្រើនឥតគណនា។

តាមរយៈការផ្សាយរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានចុះមកយកព័ត៌មានផ្ទាល់ ប្រជាជន​កម្ពុជាបានអំពាវនាវឱ្យ ពិភពលោកផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ដោយឈរលើការពិត និងសច្ចភាព។ ប្រជាជន​កម្ពុជាប្រាថ្នាចង់បានតែសន្តិភាព ការរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍដែលផ្តល់ផល​ប្រយោជន៍ឱ្យគ្នា​ទៅវិញទៅមក ដោយការ​គោរពអធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់តម្លៃ នៃការរក្សា​សាមគ្គីភាព ជាមួយ​ប្រទេសជិតខាងទាំងអស់។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយ​ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់​គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ការចុះសិក្សានៅ​ទីវាលផ្ទាល់ របស់អ្នក​សារព័ត៌មាន បានផ្តល់ឱកាសដល់ក្រុមអ្នក​សារព័ត៌មាន​ក្នុងការ ស្វែងយល់ស៊ីជម្រៅមួយកម្រិតទៀត ដោយផ្សាភ្ជាប់​ទ្រឹស្តីនិងការ​អនុវត្ត ពាក់ព័ន្ធនឹងការរាយកាណ៍ព័ត៌មានក្នុងស្ថានភាពតានតឹង និងជម្លោះ​ព្រំដែន។ ក្នុងកម្មវិធីទាំងមូល អ្នកសារព័ត៌មានពីបណ្តាប្រទេសក្នុងតំបន់ ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹង​ប្រធានបទ​ឱ្យ​គ្នាទៅវិញទៅមកផងដែរ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner