សាលាអន្តរជាតិ ស្មាធ ឃីដ ចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥ដល់សិស្សរបស់ខ្លួន
សៀមរាប៖សាលាអន្តរជាតិ ស្មាធ-ឃីដ (SmartKids International School)នៅខេត្តសៀមរាប កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥បានប្រារព្វពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២៤-២០២៥សម្រាប់ចំណេះដឹងទូទៅភាសាខ្មែរ មត្តេយ្យ- វិទ្យាល័យថ្នាក់ទី១-១២ និងកម្មវិធីចំណេះដឹងទូទៅភាសាអង់គ្លេសមុនមត្តេយ្យ-ថ្នាក់ទី៨ ដល់សិស្សពូកែ សិស្សឆ្នើមរបស់ខ្លួន។

ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោកបណ្ឌិតអគ្គនាយក សេង ឡុង សាលាអន្តរជាតិស្មាធ-ឃីដ លោកហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ និងកីឡាខេត្តសៀមរាប លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ និងកីឡាខេត្តសៀមរាប ។

កម្មវិធីនេះបានប្រារព្វពេញមួយថ្ងៃដោយបានចែកចេញជាពីរវគ្គ គឺព្រឹក និងរសៀលនៅសណ្ឋាគារសុខាអូតែល ក្រុងសៀមរាប ។
លោក ណាវ ចន្ថា អគ្គនាយករងសាលាអន្តរជាតិស្មាធ ឃីដ បានឱ្យដឹងថា សាលាអន្តរជាតិ ស្មាធ ឃីដត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ មករា ឆ្នាំ២០០៩ ដោយលោកបណ្ឌិតអគ្គនាយក សេង ឡុង ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការផ្តល់ជូនសិស្សនូវគុណភាពអប់រំ ដែលផ្អែកលើស្តង់ដារជាតិ និងអន្តរជាតិ។ បច្ចុប្បន្នសាលាមានសាខាចំនួន៦ ក្នុងនេះខេត្តសៀមរាបចំនួនបួនសាខា ,ខេត្តកំពង់ធំមួយសាខា និងរាជធានីភ្នំពេញមួយសាខា។សាលាទទួលចុះឈ្មោះសិស្សចាប់ពីអាយុ២ឆ្នាំកន្លះ។

លោកបន្តថា សាលាមានសិស្សសរុបចំនួន២.៥៨៦នាក់ កំពុងសិក្សាក្រោមកម្មវិធីជាច្រើនទាំងកម្មវិធីជាតិ និងអន្តរជាតិ។ កម្មវិធីជាតិភាសាខ្មែរត្រូវបានអនុវត្តពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ ខណៈពេលដែលកម្មវិធីអន្តរជាតិភាសាអង់គ្លេស-ចិនត្រូវបានអនុវត្តពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ តាមស្តង់ដារអាមេរិក AERO–CCSS ដែលជា មូលដ្ឋានសំខាន់ឱ្យសិស្សអាចផ្ទេរ និងបន្តការសិក្សានៅសាលាចំណេះទូទៅល្បីៗជុំវិញពិភពលោកដូចជា អាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងនូវែលសេឡង់ ។

សាលាមានសិក្សាកម្មវិធីបន្ថែមសំខាន់ៗ ដូចជា កម្មវិធីកុមារ-យុវឌីជីថល (Tynker)ស្តង់ដារអាមេរិក កម្មវិធីកុមារ-យុវសហគ្រិនភាព (VentureLab)ស្តង់ដារអាមេរិក កម្មវិធីរ៉ូបូ( Stick’ Em )ស្តង់ដារសិង្ហបុរី និងកម្មវិធី IELTS ដែលជួយរៀបចំសិស្សឱ្យមានសមត្ថភាពសរសេរកូដ អាជីវកម្ម វិស្វកម្ម និងសមត្ថភាពប្រឡងដើម្បីបន្តការសិក្សា ក៏ដូចជាធ្វើការនៅក្រៅប្រទេស ។
លោកនាយករងបន្តថា សាលាបានបង្កើតកម្មវិធី ចូឡូ(Journey Oversea, Learn Oversea) ដែលផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិស្សធ្វើទស្សនកិច្ច និងផ្ទេរការសិក្សាទៅក្រៅប្រទេស ។តាមរយៈកម្មវិធីនេះ សិស្សអាចបន្តសិក្សាកម្រិតចំណេះទូទៅនៅសាលាជុំវិញពិភពលោក ខណៈសិស្សដែលបញ្ចប់ថ្នាក់ទី១២ ក៏នឹងទទួលបានការប្រឹក្សាយោបល់ និងឱកាសអាហារូបករណ៍ចាប់ពី ១០ភាគរយ ដល់៣០ភាគរយ សម្រាប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យក្រៅប្រទេសផងដែរ ។សិស្សគ្រប់វេណសិក្សា ទាំងកម្មវិធីជាតិ និងអន្តរជាតិ ទទួលបានការថែទាំ ការណែនាំ និងការអប់រំដោយយកចិត្តទុកដាក់ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពីគ្រូ និងបុគ្គលិកពាក់ព័ន្ធ។
លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំនិងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា វិស័យអប់រំ មានសារៈសំខាន់ជាទីបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍ជាតិ ។កុមារ យុវជន ត្រូវទទួលបានការអប់រំសិក្សាពេញមួយជីវិត ដែលមិនអាចកាត់ថ្លៃបាន ដើម្បីឆ្លើយតបនិងតម្រូវការការងារ និងជំនាញដើម្បីអនាគត សម្រាប់ការអភិវឌ្ឍន៍ដែលផ្តល់អត្ថប្រយោជន៍ពេញលេញរបស់យុវជនដើម្បីកសាងអនាគត។ វិស័យអប់រំ និងវិស័យផ្សេងៗទៀត បានកើតចេញពីឆន្ទៈមោះមុត របស់ថ្នាក់ដឹកនាំដោយឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោកបណ្ឌិត សេង ឡុង អគ្គនាយកសាលាអន្តរជាតិ ស្មាធ-ឃីដ បានបញ្ជាក់ថាសាលាបាននិងកំពុងបន្តបេសកកម្មអប់រំប្រកបដោយគុណភាពរបស់ខ្លួន ដោយផ្តោតលើសរសរស្តម្ភ៤ គឺ ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើសមត្ថភាពខ្លួន ដើម្បីបំពេញគុណវឌ្ឍ “ចេះ! ចេះ បីភាសា-ខ្មែរ អង់គ្លេស ចិន ចេះកូដ និងចេះសហគ្រិនភាព” ។មានន័យ សាលាអន្តរជាតិ ស្មាធ-ឃីដ មិនត្រឹមតែបង្ហាត់សិស្សឱ្យមានចំណេះវិទ្យាសាស្រ្តទេ ប៉ុន្តែបង្ហាត់ឱ្យមានជំនាញ សីលធម៌ និងទំនុកចិត្តលើសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋសកលក្នុងសម័យឌីជីថល។
លោកបន្តថា សាលាអន្តរជាតិ ស្មាធ-ឃីដ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់តួអង្គទាំងបួន ជាពិសេស សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់អាទិភាព និងការយកចិត្តទុកដាក់ជាពិសេសលើវិស័យអប់រំ ដើម្បីផលិតមូលធនមនុស្សមានគុណភាពសម្រាប់សង្គមជាតិ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ការទទួលបានវិញ្ញាបនបត្រមិនត្រឹមតែជាឯកសារផ្លូវការដែលបញ្ជាក់ពីការបញ្ចប់ថ្នាក់សិក្សានោះទេ ប៉ុន្តែវាជាភស្តុតាងនៃការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់ក្នុងការសិក្សា និងជាការលើកទឹកចិត្តដល់សិស្សទាំងអស់ឱ្យបន្តខិតខំក្នុងការសិក្សានៅថ្នាក់ខ្ពស់ៗ បង្កើនចំណេះដឹង និងជំនាញ ដើម្បីក្លាយជាកម្លាំងធនធានមនុស្សគុណភាពល្អក្នុងអនាគត។
លោកបានកោតសរសើរ ដល់គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា ស្មាធ ឃីដ ដែលបានឧស្សាហ៍ព្យាយាមក្នុងការបង្រៀនបណ្តុះបណ្តាល និងចិញ្ចឹមចិត្តសិស្សឱ្យមានវិន័យ និងចំណេះដឹងប្រកបដោយសីលធម៌ ព្រមទាំងសូមឱ្យមាតាបិតា និងអ្នកអាណាព្យាបាល បន្តគាំទ្រនិងលើកទឹកចិត្តដល់កូនៗឱ្យប្រឹងប្រែងក្នុងការសិក្សា និងសង្ឃឹមថា សិស្សានុសិស្សទាំងនេះ នឹងក្លាយជាអ្នកមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវចំពោះសង្គម ជួយរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងរីកចម្រើនថែមទៀត៕
ដោយ៖ ប៊ុន រដ្ឋា
