អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្រាវជ្រាវអ្នកបង្ហោះ បែកធ្លាយវិញ្ញាសាគណិតវិទ្យា ក្នុងការប្រឡងបាក់ឌុប
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានកំពុងដំណើរការករណីមានការបង្ហោះ”បែកធ្លាយវិញ្ញាសាគណិតវិទ្យា”ក្នុងការប្រឡងបាក់ឌុប ដែលទើបបញ្ចប់កាលពីថ្មីៗមកនេះដែលនាំ ឱ្យមានការភ័ណ្ឌច្រឡំ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប បានដំណើរការប្រឡងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៨ និងទី២៩ ខែ សីហា ឆ្នាំ ២០២៥កន្លងមក។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ ហើយឃើញតែរូបថតវិញ្ញា សាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថត ផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។
ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានស្នើសុំសហការផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានដឹង និងរក្សាទុកភស្តុតាង ក្រោយគណនីមួយចំនួន បានលុបការបង្ហោះរបស់ខ្លួន រួចមក។
គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និង កីឡាបានបញ្ជាក់ថាមិនមានធ្លាយវិញ្ញាសារការប្រឡងបាក់ឌុបឡើយ ហើយករណីបង្ហោះនេះតាមបណ្តាញសង្គមហ្វេសប៊ុកនេះជាការមិនពិត៕
ដោយ៖ម៉ាដេប៉ូ





