ទេសចរហ៊ានប្រឈមនឹងគ្រោះថ្នាក់ លើផ្លូវរថភ្លើងនៅហាណូយ

ហាណូយ ៖ ភ្ញៀវទេសចរបរទេស ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ នៅលើផ្លូវរថភ្លើង ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

ភ្ញៀវទេសចរអន្ទះសារយកទូរសព្ទ ថតផ្តិតយករូបភាព ខណៈដែលរថភ្លើង បានបើកឆ្លងកាត់ យ៉ាងកៀកបំផុត នៅពីមុខហាងកាហ្វេ ផ្លូវរថភ្លើង ក្នុងទីក្រុង ហាណូយ ដែលបើក ក្នុងចម្ងាយ ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នេះគឺជារបៀប ដែលនាំមកនូវអាជីវកម្ម រកប្រាក់កម្រៃ ពីអតីតតំបន់អនាធិបតេយ្យ ដែលត្រូវបានមើលស្រាល ពីការគ្មានតម្លៃ ពីសំណាក់រដ្ឋាភិបាល។

អាជ្ញាធរបានព្យាយាម ម្តងហើយម្តងទៀត ដើម្បីបិទទីតាំងនោះ ក្រោមហេតុផលសុវត្ថិភាព ប៉ុន្តែ ការបិទហាក់ដូចជាមិនទំនងកើតឡើង ដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងជំរុញចែកចាយ ស្រូបទាញអ្នកទស្សនា កាន់តែច្រើន ទៅកាន់តំបន់នោះ។

នាង Helena Bizonova មកពីប្រទេសស្លូវ៉ាគី បានប្រាប់ AFP ថា «ខ្ញុំមានអារម្មណ៍ថា រន្ធត់ខ្លាំង ពីព្រោះ រថភ្លើងនៅជិតខ្លាំងណាស់»។ នាងបានប្រាប់ AFP ទៀត ថា «ផ្លូវដែលរៀបចំតុបតែងជាមួយនឹងចង្កៀង និង ហាងកាហ្វេ ដ៏ប្រណិត ដែលតម្រង់ជួរគ្នា ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមអ៊ីនធឺណិត ហើយវាជា អ្វីមួយដែលខ្ញុំ មិនធ្លាប់ជួបប្រទះ ក្នុងជីវិតរបស់ខ្ញុំ»។

ម្ចាស់ហាងម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា វិស័យទេសចរណ៍ បានប្រែក្លាយតំបន់នេះទៅជាកន្លែងស្រស់ស្អាត និង មានសុវត្ថិភាព ជាងមុន។ លោក បានប្រាប់ AFP ថា «យើងមិនគួរព្យាយាម បិទផ្លូវទាំងនេះ នោះទេ ផ្ទុយទៅវិញ ប្រើប្រាស់វា ឱ្យបានពេញលេញ ហើយ ប្រែក្លាយវា ទៅជាលក្ខណៈពិសេសមួយ ដើម្បីលើកកម្ពស់ទេសចរណ៍»។

អតីតមេដឹកនាំបារាំង ធ្លាប់ជាអាណាព្យាបាលវៀតណាម បានសាងសង់ ផ្លូវដែកនេះ នៅដើមទសវត្សរ៍ ឆ្នាំ១៩០០ ដើម្បីដឹកជញ្ជូនទំនិញ និង ប្រជាជន ទូទាំងប្រទេស។ ផ្នែកខ្លះ នៃខ្សែផ្លូវ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគ្រាប់បែក របស់អាមេរិក បានធ្លាក់ មកលើភាគខាងជើង កំឡុងសង្គ្រាមវៀតណាម ដែលបានបញ្ចប់ នាពាក់កណ្តាលសតវត្សមុន។

ឥឡូវនេះ វៀតណាម សង្ឃឹមថា នឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃ ៦៧ពាន់លានដុល្លារ ដែលតភ្ជាប់ភាគខាងជើង និង ខាងត្បូង នៅក្នុងការជំរុញ ដែលត្រូវការច្រើន ដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយ រដ្ឋាភិបាលជឿជាក់ថា ការណ៍នេះ នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner