លោក ម៉ូឌី សាទរទំនាក់ទំនងឥណ្ឌានិងចិនថា មានភាពកក់ក្តៅ
ប៉េកាំង ៖ លោក ម៉ូឌី បានសាទរចំពោះទំនាក់ទំនង រវាងចិន និងឥណ្ឌា ថា មានភាពកក់ក្តៅ ក្នុងពេលដែលលោកបានជួបជាមួយលោក ស៊ី ជីនភីង នៅទីក្រុង ធានជីន នៅថ្ងៃទី៣១ ខែសីហា នេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា រូបនេះ លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងឆ្ពោះទៅរក ទិសដៅវិជ្ជមាន អំឡុងជំនួប នៅក្រៅកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ លោកបន្តថា កិច្ចសហប្រតិបត្តិការ ឥណ្ឌា-ចិន នឹងត្រួសត្រាយផ្លូវ សម្រាប់សុខុមាលភាព របស់មនុស្សជាតិទាំងមូល។
លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រាប់លោក ស៊ី ថា «ប្រទេសឥណ្ឌា បានប្តេជ្ញាចិត្ត ក្នុងការបន្តឆ្ពោះទៅមុខ នូវទំនាក់ទំនងរបស់យើង ដោយផ្អែកលើការជឿទុកចិត្តគ្នា ទៅវិញទៅមក សេចក្តីថ្លៃថ្នូរ»។
លោកបន្តថា «ផលប្រយោជន៍ របស់ប្រជាជន ចំនួន ២.៨ពាន់លាននាក់ នៃប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់យើង… នេះក៏នឹងត្រួសត្រាយផ្លូវ សម្រាប់សុខុមាលភាពរបស់មនុស្សជាតិ ទាំងមូលផងដែរ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត