ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ស្តីពី សញ្ជាតិ ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ។

មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
របៀបវារៈទី១៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួលនិងបន្ថែមរបបគតិយុត្តអំពី ការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបំផ្លាញឧត្តមប្រយោជន៍ ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បង្ហាញឱ្យឃើញ អំពីភាពរឹងមាំ នៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ។

គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពតានតឹង និង កំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិ ដែលមានសញ្ជាតិខ្មែរមួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនចូលរួមនិងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិនិងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ កាលពីសម័យសង្គមរាស្រ្តនិយម ច្បាប់ស្តីពី ការបាត់សញ្ជាតិខ្មែរ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខ ៣៧៧/ ៦៨ ប.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ក៏បានកំណត់អំពីការបាត់សញ្ជាតិខ្មែរ ក្នុងករណីបុគ្គលនោះ ត្រូវបានតុលាការកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងភាពសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។

ទន្ទឹមនឹងនេះនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានប្រទេសប្រមាណ ១៥០ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ហើយនៅក្នុងចំណោមប្រទេសអាស៊ានទាំង ១០ គឺប្រទេសចំនួន៩មានច្បាប់ នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។

សេចក្តីស្នើច្បាប់នេះ រៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧។

ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភា ចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាព នូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ឱ្យកម្ពុជា ទទួលបាននូវការលើកកម្ពស់ កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត, ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញនិងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍សេដ្ឋកិច្ច, ការការពារ និងការអភិរក្សបរិស្ថានសមុទ្រ ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ, កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល, ការកសាង និងពង្រឹងសមត្ថភាព ដើម្បីរៀបចំអនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមមាត្រា៨១២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងការវាយតម្លៃបរិស្ថាន ជាយុទ្ធសាស្ត្រ, កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារនិងការអភិរក្សបរិស្ថានសមុទ្រ, ធនធានថវិកា ពីមូលនិធិពិសេស ដែលមាន ប្រភពមកពីប្រទេសអភិវឌ្ឍ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ និងរដ្ឋដែនកោះតូចៗ សម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានសមុទ្រ។ សេចក្តីស្នើច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផល នៃការពិនិត្យសិក្សា សេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner