រាជរដ្ឋាភិបាល មន្ត្រីគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋខ្មែរ រួមជាមួយព្រះសង្ឃទូទាំងប្រទេស នៅឈរពីក្រោយលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខជានិច្ច

(ព្រះវិហារ)៖ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរ រួមជាមួយព្រះសង្ឃទូទាំងប្រទេស នៅឈរពីក្រោយលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជូនដល់កងកម្លាំងជួរមុខជានិច្ច ពោល គឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត ។ នេះជាការលើកឡើងរបស់ ឯកឧត្តមណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ ក្នុងឱកាសចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈនានា ជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ សរុបថវិកាចំនួន ៦០,៨៨០,០០០រៀល ដែលជំនួយនេះ ត្រូវបានអញ្ជើញទទួលដោយឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងបញ្ជាការដ្ឋាន អង្គរក្ស តំណាងនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេស មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន ប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ។ ទាំងនេះ គឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនអាចបំភ្លេចបានឡើយ ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេន ពីសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សារជាតិ តាមរយៈការដាក់ចេញ គោលនយោបាយ ឈ្នះឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៉ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំងយោធាខ្មែរក្រហម នៅឆ្នាំ១៩៩៨ ។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់កម្ពុជា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃ បានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែន គឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ថា៖ យើងខ្ញុំទាំងអស់គ្នា ឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។ ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មិនត្រឹមតែ ដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាបង្គោលដ៏រឹងមាំ ឈរជាមួយកងទ័ពនៅជួរមុខដ៏អង់អាចក្លាហាន ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ប្រឆាំងនឹងជនឈ្លានពានទាំងឡាយ។ ដូច្នេះ បងប្អូនកងទ័ព ពិតជាមានកម្លាំងចិត្ដ ព្រោះមានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឈរពីក្រោយជាបង្អែកដ៏រឹងមាំ ផ្ដល់នូវការគាំពារ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ។

ឧត្តមសេនីយ៍ឯក សួន ពិរុណ បានឱ្យដឹងថា ថ្វីដ្បិតតែជម្លោះកម្ពុជា-ថៃបានស្ងប់ស្ងាត់ ដោយសារតែមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី យ៉ាងណាក៏ដោយ ប៉ុន្តែកងទ័ពរបស់កម្ពុជាយើង ជាច្រើននាក់ បានកំពុងឈរជើងការពារព្រំដែនជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ យ៉ាងអង់អាចក្លាហានបំផុត ដើម្បីការពារដែនដី ជូនជាតិមាតុភូមិកម្ពុជានៃយើង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner