ជំនន់ទឹកភ្លៀងលិចដំណាំស្រូវជាង ១៧០ហិកតា និងផ្លូវជាច្រើនខ្សែនៅស្រុកពួក

សៀមរាប៖ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែសីហាថា ជំនន់ទឹកភ្លៀងបន្ទាប់ពីភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើបណ្ដាលឱ្យជន់លិចលង់នៅឃុំចំនួនបី ក្នុងស្រុកពួក រួមមាន ឃុំត្រីញ័រ ឃុំរើល និងឃុំកែវពណ៌។

លោកអភិបាលស្រុកបានបន្តថា ការលិចលង់នេះ បានប៉ះពាល់ដល់ភូមិចំនួន ១៩ និងគ្រួសារប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ ព្រមទាំងមណ្ឌលសុខភាពពីរកន្លែង ,សាលារៀនពីរខ្នង ,ស្នាក់ការគណបក្សមួយកន្លែង ,ប៉ុស្តិនគរ​បាលរដ្ឋបាលមួយកន្លែង ,វត្តមួយកន្លែង។ក៏ការលិចលង់ផ្លូវកៅស៊ូពីរខ្សែ ប្រវែង ១១០ ម៉ែត្រ ,ផ្លូវលំ ៣០ ខ្សែ ប្រវែងសរុប ១៥,៨៣០ ម៉ែត្រ និងដំណាំស្រូវចំនួន ១៧៦ ហិកតា។

ក្នុងឱកាសចុះពិនិត្យស្ថានភាព លោកអភិបាលស្រុកបានណែនាំឱ្យអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ពាក់ព័ន្ធ ពិនិត្យ​ផ្លូវចរន្តទឹក ដែលប្រជាពលរដ្ឋមួយចំនួនបានបិទឬដាក់លូមិនបានត្រឹមត្រូវ បណ្តាលឱ្យទឹកហូរមិនទាន់និង​ប្រព័ន្ធ​ប្រឡាយមួយចំនួនដែលត្រូវបានបិទកាត់ក៏ជាមូលហេតុឱ្យទឹកហូររអាក់រអួលផងដែរ។

លោក ស៊ិន ចាន់ថុល ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងនាយប៉ុស្តិ៍នគរបាលឱ្យរៀបចំសម្ភារៈបរិក្ខាពេទ្យ និងឯកសារឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជាមួយអាជ្ញាធរឃុំភូមិ ក្នុងការផ្សព្វផ្សាយអំពីអនាម័យ​សុខភាពដល់​ប្រជាពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយនេះផងដែរ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner