ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារវីរយុទ្ធជនម្នាក់នៅស្រុកសន្ទុក
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីចុងសប្ដាហ៍និងក្រុមការងារបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខលោកពលបាលត្រី គង់ លីហូវ នៅអង្គភាពកងពលតូចលេខ ៦ចំណុះកងពលធំអន្តរាគមន៍លេខ២ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងក្រោយ ។

លោកពលបាលត្រី គង់ លីហូវ មានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយនិងភរិយាមាន មានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក ដោយបានប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅជើងភ្នំសន្ទុក សម្រាប់ចិញ្ចឹមជីវិតស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម និងបានសូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅកាន់អង្គភាពវិញ។

អំណោយមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងក្រុមគ្រួសារ៕
ដោយ៖ ប៊ុន រដ្ឋា
