លោក ហឿន សំនៀង៖ វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់រួមចំណែកបណ្តុះបណ្តាលធនធានបាល់ទឹកនៅកម្ពុជា
(ភ្នំពេញ)៖ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងថា ធនធាបគ្រូបង្វឹក ២៥រូប ដែលបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត១ រយៈពេល ៣ថ្ងៃ បណ្តុះបណ្តាលដោយគ្រូជំនាញមកពីប្រទេសសឹង្ហបុរី នឹងក្លាយជាធនធានគ្រូជំនាញសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក រួមចំណែកផលិតបានធនធានកីឡាករបាល់ទឹកឆ្នើមៗសម្រាប់កម្ពុជានាពេលអនាគត។

ការថែ្លងលើកឡើងរបស់អនុប្រធានសហព័ន្ធកីឡាហែលទឹករូបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ តំណាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេល៣ថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ក្នុងការចាប់ផ្តើមការកសាងអភិវឌ្ឍន៍ធនធានបាល់ទឹកនៅក្នុងប្រទេសកម្ពុជា ដែលជាចក្ខុវិស័យរបស់សហព័ន្ធខ្មែរកីឡាហែលទឹកលើកកម្ពស់គុណភាពនិងគុណតម្លៃកីឡាហែលទឹកនៅលើឆាកអន្តរជាតិ។

ទន្ទឹមជាមួយគ្នានោះដែរ លោក បានជំរុញឱ្យសិក្ខាកាមដែលទទួលបានចំណេះជំនាញពីវគ្គគ្រូបង្វឹកកីឡាបាល់ទឹក ដ៏មានសារៈសំខាន់នេះ សូមយកទៅអនុវត្តក្នុងការបង្ហាត់ដល់កីឡាករជំនាន់ក្រោយដោយគុណភាពវិជ្ជាជីវៈសំដៅធ្វើយ៉ាងណាបង្កើតនូវធនធានគ្រូបង្វឹកបន្តវេនឱ្យបានច្រើនដែលជាផ្នែកមួយធ្វើឱ្យធនធានកីឡាករនៅកម្ពុជាកាន់តែរីកចម្រើន និងមានសក្កានុពលទាំងឆាកជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា វគ្គគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ ដែលសហព័ន្ធបានបង្កើតឡើងនេះ ក្នុងគោលបំណងពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងបច្ចេកទេសថ្មីៗ របស់កីឡាបាល់ទឹក ដែលសិក្ខាកាមពុំធ្លាប់បានសិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក ក៏ដូចជាបង្កើននូវធនធានគ្រូបង្វឹក ដើម្បីបណ្តុះបណ្តាលដល់កីឡាករ-កីឡាការិនីឲ្យក្លាយខ្លួនទៅជាកីឡាករ-កីឡាការិនីជម្រើសជាតិនាពេលអនាគត ៕
រូបភាព ជីម ភារ៉ា អត្ថបទ ៖ ជាវ ចន្ធូ
