ពលរដ្ឋមកចូលរួមទិវាម៉ាតុងចក្រភពអង្គរលើកទី១០ រក្សានូវចំនួនច្រើនដោយសារជឿជាក់លើចំណាត់ការរបស់រដ្ឋាភិបាល

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងលើកឡើងថា បើទោះបីព្រឹត្តិការណ៍ទិវារត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ ត្រូវបានលើកពេលវេលា កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥កន្លងទៅ ដោយសារតែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយ លើកមករៀបចំឡើងវិញនៅថ្ងៃទី៣១ ខែ សីហា ចំនួនអត្តពលិកជាតិនិងអន្តរជាតិចូលរួមនូវតែរក្សាបាននៅចំនួនច្រើនដដែល ។

ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី អះអាងថា ចំនួនការចូលរួមរបស់អត្តពលិកចូលរួមរត់មិនថយចុះនេះ គឺដោយសារតែពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រចំណាត់ការក្នុងការរកដំណោះស្រាយឈានទៅបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ជាក់ស្តែង សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់ ទាំងអត្តពលិកជាតិ និងអន្តរជាតិ គឺការចូលរួមមានចំនួនកើនឡើង ពិសេស គឺអត្តពលិកជាតិតែម្តងមិនត្រឹមតែចំនួននោះទេ ពោលកើនឡើងទាំងសមត្ថភាព ទាំងអស់នេះ ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យស្រុកទេសយើងទទួលបានសុខសន្តិភាព។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋាមន្រ្តី បានរំលេចបន្ថែមទៀតថា សម្រាប់ទិវារត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០នេះ បានរំលេចចេញនូវសារមួយចំនួនផងដែរ។មានដូចជារត់ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរត់ដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពរបស់មនុស្សជាតិ ដែលជាការរំលេចសារទៅកាន់ពិភពលោក និងអង្គការយូនីសស្កូចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រាសាទដែលជាបេតិកភណ្ឌរបស់ពិភពលោក។

ឯកឧត្តម បណ្ឌិត ថោង ខុន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍រត់អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដែលគ្រោងរៀបចំនៅអំឡុង ខែ ធ្នូ ឆ្នាំ២០២៥ និងនូវតែមានចំនួនអត្តពលិកជាតិនិងអន្តរជាតិកើនឡើងរហូតដល់ ១៥០០នាក់ ខណៈឆ្នាំ២០២៤ មានវត្តមានសម្តេចធិបតីចូលរួមមានចំនួនអត្តពលិកជាតិនិងអន្តរជាតិចូលរួមប្រមាណជាង ១៣០០០នាក់។

គួរឱ្យដឹងដែរថា ទិវារត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ ឆ្នាំ២០២៥នេះ មានអត្តពលិកជាតិនិងអន្តរជាតិអ្នកចូលរួម៤,២២៤ នាក់ ក្នុងនោះអត្តពលិកអន្តរជាតិ ចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស ហើយប្រទេសចូលរួមច្រើនជាង គេ រួមមាន៖ ចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner