លោក ពូទីន ថ្លែងនៅចិន ថា ជំនួបជាមួយលោកត្រាំ ជាការបើកផ្លូវ ឆ្ពោះទៅរកសន្តិភាព
ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងចេញពីប្រទេសចិន នៅថ្ងៃទី១ ខែកញ្ញានេះ ថា ជំនួបចរចា រវាងរូបលោក និង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា ថ្មីៗនេះ បានបើកផ្លូវ ឆ្ពោះទៅរកសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។
អំឡុងពេលចូលរួម ក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Tianjin លោក ពូទីន បានអះអាងថា ជំនួបកំពូល ក្នុងទឹកដីអាមេរិក កាលពីខែសីហា មានការយល់ដឹងពីគ្នាច្រើន ហើយ លោក សង្ឃឹមថា ការណ៍នេះ ក៏រួមចំណែកដល់គោលដៅ បញ្ចប់សង្គ្រាម នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។
លោក ពូទីន បានរៀបរាប់ទៀតថា រុស្ស៊ីកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និង សំណើរបស់ចិន និងឥណ្ឌា ដែលមានបំណងសម្របសម្រួល ដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។
ការលើកឡើងនេះ បានធ្វើឡើង ក្រោយមួយថ្ងៃ ដែល លោក ពូទីន បានរៀបរាប់លម្អិត ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង អំពីសមិទ្ធិផលនៃកិច្ចពិភាក្សា របស់លោក ជាមួយលោក Trump និង រាយការណ៍ អំពីការងារដោះស្រាយជម្លោះ
ដែលលោកអះអាងថា ចង់ឲ្យមាននិរន្តរភាព និង យូរអង្វែង។
យ៉ាងណា លោក ពូទីន បានបញ្ជាក់ថា
ការប៉ុនប៉ង ដែលកំពុងបន្ត ដោយលោកខាងលិច ដើម្បីនាំអ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធយោធា NATO គឺជាផ្នែកមួយ បង្កឲ្យមានសង្គ្រាម មកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិច ហៅការឈ្លានពានពេញលក្ខណៈ របស់រុស្ស៊ី លើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ថា ជាសង្រ្គាមចក្រពត្តិនៃការដណ្តើមយកទឹកដី ជាឧបសម្ព័ន្ធ តែ រុស្ស៊ី និយាយថា វាជាប្រតិបត្តិការយោធាពិសេស ក្នុងគោលបំណងកម្ទេច និង ធ្វើឱ្យអ៊ុយក្រែន គ្មានយោធា៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត