សម្តេចតេជោ ហ៊ុន សែន ៖ ៧ខែឆ្នាំនេះ កម្ពុជា នាំចេញទំនិញទៅវៀតណាម ច្រើនជាងទំនិញវៀតណាម នាំមកកាន់កម្ពុជា
(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រយៈពេល ៧ខែ ក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះ កម្ពុជា នាំទៅកាន់វៀតណាមគឺមានប្រមាណ ៣,៨ពាន់លានដុល្លារ និងវៀតណាម នាំមកកាន់ប្រទេសកម្ពុជា គឺប្រមាណ ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជា ជាប្រទេសមានវត្ថុធាតុដើម ហើយវៀតណាម ជាប្រទេសកែច្នៃ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍ ៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ ។
ឯកឧត្តមបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជា និង វៀតណាម ដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេច បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។
សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។
សម្តេចតេជោ ក៏បានមានប្រសាសន៍ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ដែលមានភាពរីកចម្រើន។ ឯកឧត្តមបានឯកភាពទាំងស្រុងចំពោះទំនាក់ទំនងរវាងគណបក្ស និងគណបក្សនៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈជំនួបកំពូលនាពេលកន្លងមកនៃ មេដឹកនាំគណបក្សនៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។
ឯកឧត្តម តូ ឡឹម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
ភាគីទាំងពីរ បានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម តូ ឡឹម ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
ដោយ ៖ វណ្ណលុក












