សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅចិន
(ភ្នំពេញ)៖ នាយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលធ្វើឡើងនៅទីក្រុងធានជីន ។
ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ជួបពិភាក្សាការងារប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង, ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, ឯកឧត្តម Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកឧត្តម អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
នៅក្នុងជំនួបជាមួយមេដឹកនាំចិន សម្តេចធិបតី បានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានចាត់ទុកវត្តមានរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ ។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ ។ ចិន នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់ ។
ដោយឡែកនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម António Guterres បានលើកឡើងពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេស នៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ។
ថ្លែងនៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមមូលបទ ការអនុវត្តពហុភាគីនិយមកើតធានាសន្តិសុខតំបន់និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងចំពោះមុខមេដឹកនាំធំៗដោយចាត់ទុកសន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ។
សម្ដេចធិបតី បានលើកឡើងថា ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់បន្ថែមពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញសកម្មភាពនៃការដោះស្រាយបញ្ហាប្រឈមជាសកល។ ក្នុងន័យនេះ កម្ពុជា សូមស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សាកលមួយដែលមានអង្គការសហប្រជាជាតិជាស្នូល ប្រកបដោយយុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្ដែង ។
នាកិច្ចប្រជុំក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអនុញ្ញាតចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយក្នុងការជំរុញ នូវគោលការណ៍ និងសេចក្ដីប្រាថ្នារួមរបស់យើងបន្ថែមទៀត៖
ទី១-ការអនុវត្តពហុភាគីនិយម ទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្នភាព ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការអំពាវនាវដ៏ម៉ឺងម៉ាត់ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវជ្រើសយកកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, ការអត់ធ្មត់ ជាជាងការបង្កើនកម្ដៅ, កិច្ចសហប្រតិបត្តិការ ជាជាងជម្លោះ និងវិបុលភាពរួម ជាជាងការកេងចំណេញជាឯកតោភាគី ។
ទី២-ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ។ សន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព សម្ដេចមើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SCO និងអាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា ។
ទី៣-ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង ។ កម្ពុជា គាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់យើងសម្រាប់វឌ្ឍនភាព និងវិបុលភាពរួម និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




