ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា
ភ្នំពេញ ៖ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ បានឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។ ការកំណត់អំពីវិសាលភាពនៃឯកសារនេះ ដែលគ្របដណ្តប់តែលើវិស័យហិរញ្ញវត្ថុផ្នែកមិនមែនធនាគារប៉ុណ្ណោះ ពោលគឺអនុវិស័យទាំង៦ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ ឯកសារនេះក៏មានអន្តរសកម្ម ព្រមទាំងកំណត់អំពីកិច្ចសហការ និងសហប្រតិបត្តិការជាមួយនឹងវិស័យហិរញ្ញវត្ថុផ្នែកធនាគារ ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា កាលពីឆ្នាំ២០២៣ គោលនយាបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយបានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយទី១៦ នៃគោលដៅទី១ ឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង ។ គោលបំណងមិនត្រឹមតែផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការប៉ុណ្ណោះទេ តែក៏នឹងទទួលយកធាតុចូលបន្ថែមពីតួអង្គពាក់ព័ន្ធ សម្រាប់យកទៅរៀបចំផែនការសកម្មភាព ៣ឆ្នាំរំកិល ក៏ដូចជាមតិកែលម្អបន្ថែម សម្រាប់ធ្វើសុវុឌ្ឍិកម្ម ដោយឯកសារនេះក៏ជាកម្មវត្ថុនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីជាមូលដ្ឋានដល់ការជំរុញ តម្រង់ទិស និងធ្វើវិសិដ្ឋកម្ម ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។
ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានប្រសាសន៍ថា ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដោយផ្តោតលើ ការចាប់យកឌីជីថលឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល ។ មិនត្រឹមតែជាការឆ្លើយតបទៅនឹង គោល-នយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ ។ ការដាក់ចេញផែនការយុទ្ធសាស្ត្រនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់មួយរបស់ អ.ស.ហ. ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាក់លាក់របស់ខ្លួន ដែលឯកសារនេះនឹងក្លាយជាក្របខណ្ឌរួម ឈរលើមូលដ្ឋានសុខដុមនីយកម្ម សម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករក្រោមឱវាទ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ខណៈធនាគារជាតិនៃកម្ពុជាក៏មានផែនទីមគ្គុទ្ទេសក៍អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២០-២០២៥ ផងដែរ ។
ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្ត្រនេះ ។ ក្នុងន័យនេះ ដើម្បីទទួលបាននូវភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ស្របតាមស្នូលយុទ្ធសាស្ត្រនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវចូលរួមឱ្យបានពេញលេញ ប្រកបដោយស្មារតីសកម្មនិងបុរេសកម្ម សហថាមពល សហការទទួលខុសត្រូវ សហអភិវឌ្ឍន៍ សហនវានុវត្តន៍ និងសិនិទ្ធភាពជាមួយនឹងគ្រប់តួអង្គសង្គម ព្រមទាំងប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួននូវគុណតម្លៃស្ថាប័ននៃឧត្តមភាព និងបំពេញកិច្ចការស្របតាម អភិក្រមរដ្ឋាភិបាលទាំងមូល និងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។
ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយជោគជ័យ នឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារកាន់តែមានភាពរស់រវើក ដែលក្នុងនោះគ្រប់តួអង្គសង្គមអាចទាញយកអត្ថប្រយោជន៍បានជាអតិបរមា និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ៕ ដោយ គ្រី សម្បត្តិ










