វៀតណាមពេញចិត្តទំនាក់ទំនងល្អជាមួយរុស្ស៊ី
បរទេស ៖ មេដឹកនាំប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែកញ្ញា បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងល្អ ជាមួយប្រទេសរុស្ស៊ី។
ក្នុងពេលជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅចិន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី ដោយតែងតែចាត់ទុករុស្ស៊ី ជាដៃគូអាទិភាពមួយ ក្នុងចំណោមដៃគូអាទិភាពកំពូលរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VN Express។
ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើនដ៏រឹងមាំ នៃទំនាក់ទំនងទ្វេភាគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់អគ្គលេខាបក្ស លោកTo Lam ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែឧសភា។
ប្រធានាធិបតី Vladimir Putin បានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តអនុវត្ត លើកិច្ចសហប្រតិបត្តិការនានា ដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ហើយអនុម័តលើសំណើ សហប្រតិបត្តិការ ដែលបានដាក់ចេញ ដោយនាយករដ្ឋមន្ត្រី Pham Minh Chinh។ លោកបានសន្យាជំរុញឱ្យស្ថាប័ន និងអង្គភាពអាជីវកម្មរុស្ស៊ី ធ្វើការដើម្បីជំរុញភាពជាដៃគូ ជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្វែងរកព័ត៌មានបន្ថែម និង ផ្តល់មតិកែលម្អ។
នាពេលនោះដែរ លោក Pham Minh Chinh បានថ្លែងអំណរគុណ ចំពោះការអបអរសាទរ របស់មេដឹកនាំរុស្ស៊ី សម្រាប់ប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាឯករាជ្យជាតិវៀតណាម ហើយ បានថ្លែងអំណរគុណ រុស្ស៊ី ដែលបានបញ្ជូនគណៈប្រតិភូ ទៅចូលរួមព្យុហយាត្រាយោធា ក្នុងព្រឹត្តិការណ៍នេះ៕
ប្រភពពី VN Express ប្រែសម្រួល ៖ សារ៉ាត
