ក្រុមហ៊ូធីផ្តើមបាញ់មីស៊ីលប្រឆាំងកប៉ាល់ដឹកប្រេងមានទំនាក់ទំនងនឹងអ៊ីស្រាអែលនៅសមុទ្រក្រហម

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ បានចេញមុខប្រកាសក្តែងៗថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងជើង។

អ្នកនាំពាក្យយោធាក្រុមប្រដាប់អាវុធហ៊ូធី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ា ថា កប៉ាល់មានឈ្មោះថា ស្កាល់ឡេត រ៉េ បានរងការវាយប្រហារដោយមីស៊ីលផ្លោងរបស់ក្រុមខ្លួន កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។

លោកថា ការវាយប្រហារនោះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមហ៊ូធីប្រឆាំងនឹងការដឹកជញ្ជូនរបស់អ៊ីស្រាអែល ដោយប្តេជ្ញាថា ប្រតិបត្តិការនេះ នឹងបន្តរហូតដល់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាផុតរលត់។

ជាមួយគ្នានោះ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសក៏បាននិយាយកាលពីយប់ថ្ងៃអាទិត្យដែរថា ខ្លួនបានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយនៅចម្ងាយប្រហែល ៦៤គីឡូម៉ែត្រ នៅឯដែនសមុទ្រភាគនិរតីនៃទីក្រុង យ៉ានប៊ូ ដែលជាទីក្រុងកំពង់ផែរបស់អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែសំណាងល្អ ទោះបីរងការវាយប្រហារក៏ដោយ ក៏កប៉ាល់នោះនៅតែអាចបន្តរបស់វា ហើយក្រុមនាវិកនៅលើនោះក៏មិនមានអ្នករងរបួសនោះដែរ។

ការវាយប្រហារក្រុមឧទ្ទាមហ៊ូធីចុងក្រោយនេះ កើតឡើងបីថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងរដ្ឋធានីសាណាអា របស់ប្រទេសយេម៉ែន បានសម្លាប់នាយករដ្ឋមន្ត្រីនៃក្រុមឧទ្ទាមហ៊ូធី លោក អាម៉េដ អាល់ រ៉ាហាវី និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀត៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner