សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណដល់គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។

ក្នុងពិធីដ៏មហោឡាឬកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈរបស់វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែកកងទ័ពបរទេសចំនួន៣ប្រទេស ក៏បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី, កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា។

សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំ រដ្ឋាភិបាលនិងប្រជាជនវៀតណាម បានដាក់ចេញទិសដៅសហស្សវត្សរ៍ចំនួនពីរដែលនឹងត្រូវសម្រេចឱ្យបាននាពេលអនាគតគឺ ទី១ក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើត បក្សកុម្មុយនីស្តវៀតណាម និងទី២ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម ដើម្បីលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាមនៅលើឆាកតំបន់និងអន្តរជាតិ។

នៅក្នុងពីធីនេះ ក្រៅពីវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតក្នុងនោះរួមមាន ឯកឧត្តម ថងលូន ស៊ីសូលី ប្រធានរដ្ឋ ឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីនៃប្រទេសគុយបានិងឯកឧត្តមZhao Leji ប្រធានសភាប្រជាជនចិនផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner