លោក ម៉ាឌូរ៉ូ ថា វេណេស៊ុយអេឡាប្រឈមមុខនឹងការគំរាមកំហែងធំបំផុតពីសហរដ្ឋអាមេរិក
ការ៉ាកាស់ ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំបំផុត ដែលទ្វីបរបស់យើងបានជួបក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ នៅពេលដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនវត្តមានកងទ័ពជើងទឹកនៅជិតដែនទឹករបស់ប្រទេស។
លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា នាវាកងទ័ពជើងទឹកអាមេរិកចំនួន ៨គ្រឿងដែលផ្ទុកមីស៊ីលចំនួន ១.២០០គ្រាប់ និងនាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងទៀត កំពុងតម្រង់គោលដៅមកកាន់ប្រទេសវេណេស៊ុយអេឡា។ ទន្ទឹមគ្នា លោក ម៉ាឌូរ៉ូ បានចាត់ទុកសកម្មភាពអាមេរិក ជាទង្វើមិនសមហេតុផល និង ជាការគំរាមកំហែងឧក្រិដ្ឋកម្មជាក់ស្តែង។
មេដឹកនាំវេណេស៊ុយអេឡាវ័យ ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ អាមេរិកបានបង្កើននូវអ្វីដែលពួកគេហៅថា “សម្ពាធអតិបរមា” តាមរយៈកម្លាំងយោធា ហើយជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីការពារប្រទេសជាតិ។
លោកប្រធានាធិបតី ម៉ាឌូរ៉ូ ក៏បានអំពាវនាវដែរថា វេណេស៊ុយអេឡានឹងមិនទទួលយកការបង្ខូចកេរ្តិ៍ឈ្មោះ និងការគំរាមកំហែងឡើយ ហើយថា ប្រទេសនេះមានសន្តិភាព ប៉ុន្តែក៏នឹងត្រៀមប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន បើសិនរងការវាយប្រហារផងដែរ ខណៈទីក្រុងការ៉ាកាស់តែងតែរក្សាផ្លូវការទូត និងកិច្ចសន្ទនាដោយបើកចំហ។
លើសពីនេះ លោក ម៉ាឌូរ៉ូ បានច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថា វេណេស៊ុយអេឡាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយលោកបានសង្កត់ធ្ងន់ថា កងកម្លាំងសន្តិសុខវេណេស៊ុយអេឡាបានស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនដ៏ធំ និងបានស្ទាក់ចាប់យន្តហោះរាប់រយគ្រឿងដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា