សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចំណាយ១៨៤លានរៀលលើបេឡាមរណសង្រ្គោះនិងជាង៧១០លានរៀលលើប្រាក់ធានារ៉ាប់រងសង្គម
កំពង់ធំ ៖ឆមាសទី១ឆ្នាំ២០២៥នេះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបើកប្រាក់បេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន១៨៤លានរៀល និងបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនប្រមាណជាង ៧១០លានរៀល។តួលេខនេះបានរំលេចឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០២៥នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រចាំឆមាសទី១នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងនិងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលសកម្មភាពឆមាសទី១ដែលទើបបញ្ចប់ទៅនេះ សមាគមបាន ការបើកប្រាក់បេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៤៦សព ស្មើនឹងថវិកាចំនួន ១៨៤លានរៀល និងបានសហការជាមួយស្ថាប័នមូលនិធិជំនួយសង្គម បើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៩គ្រួសារសព ស្មើទឹកប្រាក់៧១០.៥៦៤.២៩៨រៀល ។
អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំខាងលើឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានកត់សម្គាល់ដោយមោទនភាពចំពោះក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។លោកក៏បានគូសរំលេចបន្ថែមថា ក្នុងឆមាសទី១នេះដែរសមាគមបានដំណើរការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង និងបានប្រគល់ផ្ទៃដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ៦៥ហិកតា ព្រមទាំងបានគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់នៅក្នុងភូមិប្រមាណ ១០គីឡូម៉ែត្រ ។គម្រោងធ្វើផ្លូវនេះនឹងដំណើរការនៅក្នុងរដូវប្រាំងខាងមុខ។គម្រោងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
សកម្មភាពមួយទៀតឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជាបានរៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងបានឧបត្ថម្ភស្បៀងអាហាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានចំនួន ២៥០គ្រួសារតាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
ជាសកម្មទិសដៅបន្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ដល់ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជនប្រកបដោយគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ។ត្រូវស្វែងរកជំនួយឧបត្ថម្ភ ក៏ដូចជាសប្បុរសជន ក្នុងការជួយឧបត្ថម្ភនូវគ្រឿងបំពាក់ផ្សេងៗនៅក្នុងទីស្នាក់ការ និងការធ្វើរបងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបសាងសង់រួច ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ៕

ដោយ៖ ប៊ុន រដ្ឋា