កម្ពុជា នឹងប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ (លើកទី១) ក្នុងឱកាសខួប ៣២ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
(ភ្នំពេញ)៖ ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី១) ក្នុងឱកាសរំលឹកខួប ៣២ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលនឹងប្រារព្ធឡើងយ៉ាងអធិកអធម នៅ នីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាពេលខាងមុខ ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គឺជាពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលបង្ហាញពីក្តីគោរព និងការចងចាំចំពោះ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ភ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង ៦:០០ ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសួនច្បារខាងលិច វិមានឯករាជ្យ ហើយគណៈប្រតិភូក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីភ្នំពេញ ទាំង ៦៤ ស្ថាប័ន ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានក្រពុំបិណ្ឌ ផ្កាឈូក១ ដោយរៀបផ្កាឈូកស្រស់៩ថ្នាក់ មានទម្រពណ៌មាស ភ្ជាប់ដោយរុយបង់ព័ទ្ធជុំវិញក្រពុំបិណ្ឌ ផ្កាឈូក អញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគ្រប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសំណូមពរដល់សមាជិក សមាជិកា អង្គប្រជុំទាំងអស់អញ្ជើញត្រឡប់ទៅវិញរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងសហការអនុវត្តតាមស្មារតីអង្គប្រជុំឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ពិធីជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ និងក្លាយទៅជាការលើកស្ទួយតម្លៃរដ្ឋធម្មនុញ្ញ និងបន្តការផ្សព្វផ្សាយចំពោះសាធារណជន ពិសេសយុវជននិងអ្នកបន្តវេនជំនាន់ក្រោយឲ្យបានយល់ដឹង និងមានក្តីមោទនភាពក្នុងនាមជាពលរដ្ឋកម្ពុជា៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា