អ្នកបង្ហាញម៉ូតល្បីឈ្មោះកូនខ្មែរ បង្ហាញមោទនភាពដែលនឹងបង្ហាញមុខលើឆាកលំដាប់ពិភពលោក New York Fashion Week 2025 ខាងមុខ
(ភ្នំពេញ)៖ តាមរយៈការនឹងលេចវត្តមានលើវេទិការប្រកួតដ៏អស្ចារ្យលំដាប់ពិភពលោកគឺ New York Fashion Week 2025 នាពេលខាងមុខធ្វើឱ្យតារា ម៉ូឌែល ប្រចាំប្រទេសកម្ពុជានៃក្រុមAlmée Couture បង្ហាញក្តីរីករាយ និងចាត់ទុកថា ជាកម្មវិធីពិសេសដែលធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនឡើងលើឆាកអន្តរជាតិ។

គួរបញ្ជាក់រំលឹកដែរថា កម្មវិធី New York Fashion Week 2025 នឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃ១១ កញ្ញា ដល់ ១៦ កញ្ញាឆ្នាំ ២០២៥ខាងមុខ។

ជាមួយគ្នានេះសម្រាប់តារាម៉ូដែល របស់ Almée Couture នឹងដើរបង្ហាញនៅ New York Fashion Week 2025 ខាងមុខនេះរួមាន កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 , ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 និងតាម៉ូដែលមួយរូបទៀតដែលមានឈាមជ័រខ្មែរកាត់បារាំង មានរូបសម្រស់ស្រស់សោភាព និងជាទីពេញនិយមចូលចិត្តរបស់យុវវ័យ Mélia Constantin ក៏នឹងបង្ហាញក្នុងកម្មវិធីនេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៥ កញ្ញា តាំង សុខហុង ដែលជាអ្នកគំនិតផ្តួចផ្តើមនៃ Collection “Spirit of the Forgotten”បានបញ្ជាក់ប្រាប់ថាវាជាគំនិតដែលត្រូវបានកែច្នៃ និងដកស្រង់មកពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និង ប្រវត្តិសា្រស្តរបស់ខ្មែរដែលមានមកពីយូរលង់ណាស់មកហើយ។ ការចេញម៉ូតនេះមក ក្នុងគោលបំណងមួយនោះគឺ អបអរដល់អរិយធម៌ និងកេរដំណែលដែលត្រូវបានសង្គមសម័យថ្មី បំភ្លេចបន្តិចម្តងៗ។

កញ្ញា តាំង សុខហុង បានលើកឡើងថា”សម្រាប់ក្តីសង្ឃឹមរបស់ខ្ញុំចំពោះវិស័យ ច្នៃម៉ូតនាពេលអនាគត គឺខ្ញុំចង់ឃើញវាកាន់តែអភិវឌ្ឍ និងកាន់តែរីកចម្រើនឈានដល់កម្រិតឆាកអន្តរជាតិ។
ដោយឡែក អ្នកនាង Tifany Vu ឱ្យដឹងថា៖”ខ្ញុំសង្ឃឹមថានឹងបង្ហាញថាម៉ូដរបស់កម្ពុជាឱ្យមានភាពរស់រវើក និងពោរពេញទៅដោយសក្ដានុពល។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបែបនេះ យើងមានគោលបំណងបំផុសគំនិតអ្នករចនាម៉ូដ និងតារាបង្ហាញម៉ូតវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ឱ្យបន្តក្តីសុបិនរបស់ពួកគេ និងចាប់យកអត្តសញ្ញាណវប្បធម៌របស់ពួកគាត់ឱ្យរស់រវើក”។
អ្នកនាង Tifany Vu បានឱ្យដឹងបន្ថែមថា ៖ ការចេញបង្ហាញលើកដំបូងនេះនឹងបង្កើនការយល់ដឹងអំពីម៉ូដសំលៀកបំពាក់ខ្មែរ និងសក្ដានុពលរបស់វា ។ ជាមួយគ្នាវានឹងលើកទឹកចិត្តដល់ការសហការគ្នាក្នុងចំណោមអ្នករចនាក្នុងស្រុក និងជំរុញអារម្មណ៍សហគមន៍ ជំរុញឧស្សាហកម្មឆ្ពោះទៅរកការច្នៃប្រឌិត និងការទទួលស្គាល់កាន់តែច្រើន ។
កញ្ញា ផន ស្រីពី បានបង្ហាញជំនឿជឿជាក់ថា”ខ្ញុំជឿជាក់ថា វិស័យនេះនៅកម្ពុជានឹងរីកចម្រើនបន្ថែមទៀត ហើយអាចក្លាយជាកម្លាំងជំរុញឲ្យជំនាន់ក្រោយទទួលស្គាល់ និងបន្តច្នៃប្រឌិតលើបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើង។ការរួមចំណែកក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ Almée Couture នៅ New York Fashion Week គឺជាកិត្តិយសដ៏មិនគួរឱ្យជឿ និងជាឱកាសដ៏រំភើបសម្រាប់ខ្ញុំក្នុងនាមជាបវរកញ្ញាឯកតំណាងឱ្យប្រទេសកម្ពុជា”។
ជាមួយគ្នានេះ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានលើកឡើងដែរថា ៖ ”ខ្ញុំសង្ឃឹមថា ការតំណាងប្រទេសកម្ពុជាលើកក្រោយៗនឹងមិនត្រឹមតែមានឱកាសឲ្យមនុស្សទូទាំងពិភពលោកបានឃើញពីអ្វីដែលប្រទេសកម្ពុជាអាចធ្វើបាននោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលកាន់តែខ្លាំងផងដែរ។ សិល្បៈ និងការច្នៃប្រឌិតបុរាណលាយទំនើបរបស់យើង គួរត្រូវបានចូលរួមក្នុងការពិភាក្សាជាសកលអំពីរចនាបថ និងការច្នៃប្រឌិត” ៕
ដោយ ៖ ម៉ាដេប៉ូ
