សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ មកដល់មាតុប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកមាតុប្រទេសវិញ នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ, អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ និង អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម និងអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងហាណូយ ។

ក្នុងជំនួបជាមួយមេដឹកនាំវៀតណាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាម និងចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏ជាកត្តានាំឲ្យមានចលនាតស៊ូ ប្រឆាំងអាណានិគម ក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។

សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម កន្លងមក និងបច្ចុប្បន្ន ដែលប្រទេសទាំងពីរ បានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ។

សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ ខណៈរយៈពេល៧ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះ កម្ពុជា នាំទៅកាន់វៀតណាម គឺមានប្រមាណ ៣,៨ពាន់លានដុល្លារ និងវៀតណាម នាំមកកាន់ប្រទេសកម្ពុជា គឺប្រមាណ ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកម្ពុជា ជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាម ជាប្រទេសកែច្នៃ ។
សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍ គ្រប់វិស័យជាបន្តបន្ទាប់ ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ផងដែរ ។
ភាគីវៀតណាម បានមើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន ។ ភាគីវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ដែលមានភាពរីកចម្រើន ។ ភាគីវៀតណាម បានបញ្ជាក់ថា តាមរយៈជំនួបកំពូលនាពេលកន្លងមកនៃ មេដឹកនាំគណបក្ស នៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។ ភាគីវៀតណាម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ។
ជាចុងក្រោយ ភាគីទាំងពីរ បានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។
ដោយឡែកនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងពិធីដ៏មហោឡាឬកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈ របស់ វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែក កងទ័ពបរទេសចំនួន ៣ប្រទេស ក៍បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី, កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
