សិង្ហបុរីសំងំផលិតយន្តហោះគ្មានមនុស្សបើក ទុកការពារខ្លួន បើមានសង្គ្រាម
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី កំពុងសំងំផលិតយន្តហោះគ្មានមនុស្សបើកយោធា ជាមួយបច្ចេកវិទ្យាថ្មីៗ ត្រៀមទុកការពារខ្លួន បើមានសង្គ្រាម ទៅថ្ងៃមុខ ហើយ ក៏ដើម្បីអាចយកឈ្នះការគំរាមកំហែង ដែលកំពុងវិវត្តន៍។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃទី១ ខែកញ្ញា បានឲ្យដឹងថា ការពង្រឹងសមត្ថភាពលើសព្វាវុធនេះ គឺដោយសារតែ យន្តហោះគ្មានមនុស្សបើក កាន់តែពេញនិយម ក្នុងសមរភូមិប្រយុទ្ធដ៏សំខាន់ នៅជុំវិញពិភពលោក ហើយ អាចឱ្យកងទ័ព ងាយរួចផុត ពីគ្រោះថ្នាក់បាន នេះបើតាមកងកម្លាំងប្រដាប់អាវុធសិង្ហបុរី ហៅកាត់ SAF។
ជាមួយគ្នានេះ កងទ័ពជើងទឹកសិង្ហបុរី ក៏កំពុងធ្វើការផ្លាស់ប្តូរ ទៅរកប្រព័ន្ធយោធាដែលមិនបាំបាច់ មានមនុស្សបើក ហើយ ជំរុញការផលិតក្នុងស្រុក មានតម្លៃថោកជាង ពេលបច្ចុប្បន្ន ដែលនាំចូលពីក្រៅ។
ប៉ុន្តែ អ្នកវិភាគ និយាយថា ភារកិច្ចនៃការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗ អាចបង្ហាញពីបញ្ហាប្រឈម សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ហើយនឹងត្រូវការ ការបណ្តុះបណ្តាល បន្ថែមទៀត ដើម្បីបង្កើនការយល់ដឹង។
យ៉ាងណា កាលពីដើម ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Chan Chun Sing បានប្រកាសជ្រើសរើសទាហាន ចូលរួមវគ្គបណ្តុះបណ្តាលយោធាមូលដ្ឋាន ជុំវិញយន្តហោះគ្មានមនុស្សបើក។ ក្រុមដំបូងនៃកម្មវិធីសិក្សាថ្មី រួមមានកងទ័ព ជាង៣,០០០ នាក់ ដែលបានចុះឈ្មោះ ក្នុងខែកក្កដា ហើយនឹងផុតកំណត់ នៅខែកញ្ញា។
ក្រសួងការពារជាតិ បាននិយាយ ថា កងកម្លាំងប្រដាប់អាវុធសិង្ហបុរី នឹងបន្តសិក្សាមេរៀន ជុំវិញប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ក្នុងពេលមានជម្លោះប្រដាប់អាវុធ និង វាយតម្លៃ អំពីបច្ចេកវិទ្យា ថ្មីៗ បន្តទៀត។
អ្នកជំនាញការពារជាតិ បានប្រាប់ CNA ថា ការផលិតយន្តហោះគ្មានមនុស្សបើក របស់ សិង្ហបុរី ក៏ដូចជា បណ្តាប្រទេសក្នុងតំបន់ ត្រូវបានជំរុញមួយផ្នែក ដោយការប្រើប្រាស់ របស់ផ្ទាល់ខ្លួន ក្នុងការដោះស្រាយ ជាមួយនឹងសេណារីយ៉ូ ជាច្រើន រួមទាំង វិបត្តិព្រំដែន និងប្រតិបត្តិការសមរភូមិជួរមុខ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត