លោក Trump ចង់ឲ្យលុយពលរដ្ឋប៉ាឡេស្ទីនក្នុងម្នាក់ ៥ ពាន់ដុល្លារ ដើម្បីចាកចេញពីទឹកដីហ្គាហ្សា
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី Donald Trump មានផែនការចំណាយលុយចំនួន ៥.០០០ ដុល្លារទៅឱ្យប្រជាជនប៉ាឡេស្ទីនម្នាក់ៗ ដើម្បីឱ្យពួកគេចាកចេញពីតំបន់ហ្កាហ្សា ហើយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលគ្រប់គ្រងទឹកដីកើតមានជម្លោះរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់មួយនេះក្នុងរយៈពេល ១០ ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។

ផែនការនេះជាផ្នែកនៃសៀវភៅណែនាំមានកម្រាស់ចំនួន ៣៨ទំព័ររបស់សេតវិមាន ដែលនឹងឃើញតំបន់ហ្កាហ្សា ដែលហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ស្ថិតនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលលោក ត្រាំ ចង់ប្រែក្លាយវាទៅជាគោលដៅទេសចរណ៍ដ៏ភ្លឺស្វាង និងមជ្ឈមណ្ឌលបច្ចេកវិទ្យានាពេលអនាគត។
ការកែប្រែមុខថ្មីនៃតំបន់ហ្កាហ្សា ពិសេសការបង្កើនល្បឿនសេដ្ឋកិច្ច និងការផ្លាស់ប្តូរការជឿទុកចិត្ត ឬហៅថា Great Trust នឹងឃើញប្រជាជនប៉ាឡេស្ទីនចំនួន ២ លាននាក់ផ្លាស់ប្តូរទីលំនៅ “ដោយស្ម័គ្រចិត្ត” ទៅប្រទេសមួយផ្សេងទៀត ឬមានការរឹតបន្តឹង និង ធានាសុវត្ថិភាពទៅកាន់តំបន់មានសុវត្ថិភាព ជាថ្នូរនឹងការលះបង់ទឹកដីរបស់ពួកគេ។
ផែនការ Great Trust ត្រូវបានគូរឡើងដោយជនជាតិអ៊ីស្រាអែលដែលបង្កើតមូលនិធិមនុស្សធម៌ហ្កាហ្សា ហៅកាត់ (GHF) ដែលជាស្ថាប័នដ៏ចម្រូងចម្រាសឥឡូវនេះកំពុងចែកចាយអាហារនៅតាមកន្លែងផ្តល់ជំនួយ ដែលមានប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់។
យ៉ាងណា ផែនការនេះ ក៏រួមមានការបង្កើតទីក្រុងឆ្លាតវៃដើរដោយថាមពលបញ្ញាសិប្បនិម្មិត (AI) មានចំនួនពី៦ទៅ៨ទីក្រុង, គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវហាយវ៉េដែលដាក់ឈ្មោះតាមមេដឹកនាំក្នុងតំបន់។
សំណើដែលមើលឃើញដោយកាសែត The Washington Post នេះ ទំនងជាបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ហើយមានការប៉ះទង្គិចជាមួយនឹងផែនការដែលដាក់ចេញដោយរដ្ឋអារ៉ាប់ ជុំវិញការកសាងតំបន់ហ្កាហ្សាឡើងវិញ ឱ្យស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិប៉ាឡេស្ទីន និង គ្មានការជម្លៀសប្រជាជននៅទីនោះ៕
ប្រភព ៖ The Telegraph
