ជាងចម្លាក់ថ្មប្រាសាទជើងចាស់នៅតំបន់អង្គរ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សាសិល្បៈដូនតា និងខិតខំរៀនសូត្រអំពីក្បួនឆ្លាក់ដើម្បីលើកស្ទួយវប្បធម៌ខ្មែរកុំឲ្យបាត់បង់
(ភ្នំពេញ)៖ ជាងចម្លាក់ថ្ម នៅតាមប្រាសាទនានានៅក្នុងខេត្តសៀមរាប ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ បានផ្តាំផ្ញើដល់កូនខ្មែរជំនាន់ក្រោយៗ ត្រូវរួមគ្នាថែរក្សាសិល្បៈចម្លាក់ក្បាច់ដូនតាខ្មែរ និងខិតខំរៀនសូត្រអំពីក្បួនឆ្លាក់ថ្មទាំងនោះ ដើម្បីក្លាយជាអ្នកបន្តវេនទៅជំនាន់ក្រោយ កុំឱ្យបាត់បង់មរតកសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរពីដើម ។
ជាងចម្លាក់ថ្ម លោក តឹក ទត់ អាយុ ៥៨ឆ្នាំ បានហៅខ្លួនឯងថា ជាអ្នកស្រុកអង្គរ បានកើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប និងកំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់លោករហូតមកដល់សព្វថ្ងៃ ។ មានជំនាញ និងបទពិសោធន៍ជា ជាងឆ្លាក់ចម្លាក់ថ្មអស់រយៈពេលជាង ៣០ឆ្នាំ បច្ចុប្បន្នលោកជាជាងឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ។
លោក តឹក ទត់ បានដំណាលឱ្យដឹងថា ក្នុងអាជីបជាអ្នកជួសជុលប្រាសាទបុរាណ ដែលពោពេញដោយទឹកចិត្តស្រលាញ់នូវសម្បត្តិវប្បធម៌ចម្លាក់នេះ ដំបូងឡើយលោកបានធ្វើការជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (JSA) កាលពីឆ្នាំ១៩៩០មក ហើយតាំងពីពេលនោះមក លោកបានចាប់យកជំនាញជាអ្នកឆ្លាក់ក្បាច់ចម្លាក់លើថ្មនៅតាមប្រាសាទបុរាណនានាដែលមានការខូចខាត និងកន្លែងណាដែលបាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យឃើញជារូបរាងចម្លាក់លើថ្មឡើងវិញ ទៅតាមទម្រង់សិល្បៈដែលធ្លាប់មានពីមុន ដើម្បីរក្សាមរតក ដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត ។
អ្នកនាង នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសខាងជួសជុលថ្មរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិក ភណ្ឌកូរ៉េ Korea Heritage Agency (KHA) បានថ្លែងទទួលស្គាល់ស្នាដៃ និងសមត្ថភាពរបស់ជាងចម្លាក់ថ្មរូបនេះ។
លោក តឹក ទត់ បានរៀនសូត្រផ្នែកអក្សរសាស្រ្តខ្មែរត្រឹមថ្នាក់ទី៤ បឋមសិក្សាប៉ុណ្ណោះ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ លោកមានស្នាដៃជួសជុលប្រាសាទបុរាណជាច្រើន ។ លោកបានបញ្ជាក់ថា លោកធ្លាប់បានទទួលការបណ្តុះបណ្តាលទ្រឹស្ដីផ្នែកចម្លាក់ថ្មពីក្រុមការងារនៃរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិរក្សអង្គរ (JSA) ហើយទទួលបានការអនុវត្តន៍ផ្ទាល់ពីគ្រូខ្មែរ នៅតាមការដ្ឋានជួសជុលប្រាសាទនានាជាច្រើនឆ្នាំ ។ ប្រាសាទដែលលោកធ្លាប់ឆ្លាក់ជួសជុលឡើងវិញទាំងនោះរួមមាន ៖ បណ្ណាល័យនៅប្រាសាទបាយ័ន, បណ្ណាល័យរបស់ប្រាសាទអង្គរវត្ត, ប្រាសាទនាង១២, ប្រាសាទចៅសាយទេវតា, ប្រាសាទតាព្រហ្ម និងប្រាសាទតុបជាដើម ដែលស្នាដៃចម្លាក់លើថ្មរបស់លោក បានបន្សល់ទុកនៅតាមផ្ទាំងថ្មនៃប្រាសាទទាំងនោះផងដែរ ។ ក្បាច់លើថ្មប្រាសាទ ដែលជាស្នាដៃរបស់លោក គឺមានដូចជា ក្បាច់ត្របកឈូក, ក្បាច់ផ្កាផ្ញី, ក្បាច់រាហ៊ូ, រូបអប្សរា និងរូបសត្វមួយចំនួនទៀត ។ លោក តឹក ទត់ មានកូនទាំងអស់ចំនួន ៥នាក់ ហើយក្នុងចំណោមកូនទាំង ៥នាក់នោះ គឺមានកូនប្រុស ២នាក់ ដែលមាននិស្ស័យខាងចម្លាក់ដូចរូបគាត់ដែរ ។
លោក តឹក ទត់ ក្នុងវ័យជិត ៦០ឆ្នាំហើយនោះ បានថ្លែងថា ពេលវេលាដែលផ្ដល់ឱ្យរូបលោកចូលរួមក្នុងការងារជួសជុលប្រាសាទបុរាណ នឹងមិនមានច្រើនទៀតឡើយ ។ ដោយទឹកចិត្តស្រលាញ់ជំនាញឆ្លាក់ថ្ម លោកបានផ្ដាំផ្ញើដល់ពលរដ្ឋខ្មែរជំនាន់ក្រោយថា «ប្រសិនបើបាត់រូបលោកពីលើផែនដីនេះ សូមកូនខ្មែរដែលបានមកទស្សនាប្រាសាទបុរាណ និងបានឃើញចម្លាក់ដែលបានចារទុកថ្មីៗ នៅតាមប្រាសាទ សូមឱ្យគ្រប់គ្នារម្លឹកដល់ឈ្មោះរបស់លោកផង » ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា







