ឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្គារី ប្រាប់អន្តរជាតិពីសកម្មភាពឈ្លានពានថៃមកលើដែនអធិបតេយ្យភាពកម្ពុជា
(ភ្នំពេញ)៖ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានប្រាប់ដល់គណៈប្រតិភូសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារី ពីសកម្មភាពឈ្លានពាន របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា ម្ដងហើយម្ដងទៀតយ៉ាងកំរោល តាមរយៈការវាយប្រហារដោយអាវុធទំនើបៗ មកលើទីតាំងវត្តអារាម មន្ទីរពេទ្យ និងជនស៊ីវិលស្លូតត្រង់ ធ្វើឱ្យមានមានអ្នករបួស ស្លាប់ និងជនភៀសសឹកជាច្រើនត្រូវបានជម្លៀសទៅរកទីមានសុវត្ថិភាព ។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាង គណៈប្រតិភូសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារីដឹកនាំដោយវរសេនីយ៍ឯក Stefan Davidov ប្រធានក្រុមប្រឹក្សាភិបាល និងឯកអគ្គរាជទូតកម្ពុជាប្រចាំ ប៊ុលហ្គារី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសូហ្វៀ Sofia ប្រទេសប៊ុលហ្គារី ។
ឯកអគ្គរាជទូតកម្ពុជា ក្នុងឱកាសនោះ បានមានប្រសាសន៍ថា យោធាថៃបានធ្វើសកម្មភាពឈ្លានពានដូចជាការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សែង យន្តហោះជាដើម ។ បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ហើយក៏ដោយ ក៏ទាហានថៃ នៅប្រើល្បិចចាប់ទាហានកម្ពុជាចំនួន ២០នាក់ និងនៅមិនទាន់ដោះលែងមិកវិញ ចំនួន១៨នាក់ នៅឡើយទេ ។ មិនត្រឹមតែប៉ុណ្ណោះទេ ថៃបានបន្តដាក់លួសបន្លាក្នុងទឹកដីកម្ពុជា និងបានបង្ខំជនស៊ីវិលកម្ពុជាចេញពីផ្ទះសម្បែង ដែលជាសកម្មភាពទាំងនេះ បានផ្ទុយទៅនិងស្មារតីសន្តិភាព និងការគោរពគ្នាទៅវិញទៅមក ដែលកម្ពុជាខិតខំថែរក្សា។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ប្រាប់ អតីតយុទ្ធជន ប៊ុលហ្គារី ថា ព្រំដែនត្រូវបានកំណត់យ៉ាងច្បាស់ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងអាណានិគមបារាំង ហើយកិច្ចព្រមព្រៀងផ្លូវការត្រូវបានបង្កើតឡើង ប៉ុន្តែប្រទេសថៃមិនដែលគោរពចំពោះការរៀបចំទាំងនេះឡើយ ។ ឯកឧត្តម ជឿថា អតីតយុទ្ធជន ប៊ុលហ្គារី យល់ច្បាស់ជាងអ្នកដទៃទៀត អំពីទុក្ខលំបាកដែលកម្ពុជាបានស៊ូទ្រាំ និងសារៈសំខាន់ដ៏ធំធេងនៃការការពារសន្តិភាព ដូច្នេះកម្ពុជា មិនត្រូវការធ្វើសង្រ្គាមដោយប្រដាប់អាវុធឡើយ ។
ជាការឆ្លើយតប តំណាងសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជន ប៊ុលហ្គារី បានថ្លែងថា ព្រំដែនអន្តរជាតិដែលបានព្រមព្រៀងគ្នាហើយត្រូវតែគោរពជានិច្ច ហើយការរំលោភលើកិច្ចព្រមព្រៀងបែបនេះគឺមិនអាចទទួលយកបានឡើយ។ មនុស្សជាតិបានឈានចូលដល់សតវត្សរ៍ទី២១ ដែលជាយុគសម័យទំនើបហើយ ជម្លោះមិនគួរត្រូវបានដោះស្រាយដោយអំពើហិង្សាទៀតទេ គឺត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ការទូត និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ តំណាងសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជន ប៊ុលហ្គារី ក៏បានបង្ហាញពីការគាំទ្រដល់ប្រទេសកម្ពុជា ដែលបានប្តេជ្ញាចង់បានសន្តិភាព ហើយមិនគាំទ្រដាច់ខាតចំពោះប្រទេសណា ដែលចង់បង្កជម្លោះ និងឈ្លានពានប្រទេសដទៃឡើយ ។
ភាគីទាំងពីរ ក្នុងជំនួបដដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ។ អតីតយុទ្ធជន ប៊ុលហ្គារី បានធានាចំពោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អំពីការត្រៀមខ្លួន ក្នុងការរួមចំណែកយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមដែលនឹងពង្រឹងមិត្តភាពរវាងប្រជាជាតិទាំងពីរ ។
ឯកអគ្គរដ្ឋទូតកម្ពុជា ក៏បានបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះសាមគ្គីភាពរបស់ប្រទេសប៊ុលហ្គារី ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយ ឯកឧត្តម ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រទេសទាំងពីរអាចកសាងអនាគតនៃភាពរុងរឿង និងស្ថិរភាពកាន់តែច្រើនឡើង ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ Dr. CHEA Chanboribo Ambassador of Cambodia to the Republic of Bulgaria




