នាយករដ្ឋមន្ត្រីវៀតណាម នឹងខិតខំធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើយ៉ាងណាឲ្យ កម្ពុជា-ថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ចំពោះសម្ដេចតេជោ ហ៊ុន សែន ថា នឹងខិតខំធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើយ៉ាងណាឲ្យ កម្ពុជា-ថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម Pham Minh Chinh នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្នុងជំនួបពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់មេដឹកនាំវៀតណាម អំពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ហើយកម្ពុជា ប្រកាន់ជំហរចង់បានអ្នកសង្កេតការណ៍លើបទឈប់បាញ់ ដើម្បីធ្វើយ៉ាងណា ឱ្យមានការអនុវត្តកិចព្រមព្រៀងនេះបានពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យព្រំដែនកម្ពុជា និងថៃ អាចវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ។

ចំណែក ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា វៀតណាម គាំទ្រការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងចង់ឃើញស្ថានការណ៍ព្រំដែនព្រំដែនកម្ពុជា ថៃ វិលមកល្អប្រសើរវិញ ។ ឯកឧត្តម ក៏នឹងខិតខំធ្វើការជាមួយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យ កម្ពុជា-ថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ ។

ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញនូវភាពរីករាយចំពោះទំនាក់ទំនងកាន់តែប្រសើរនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ឯកឧត្តមក៏បានជំរុញដើម្បីធ្វើយ៉ាងណា ឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងវៀតណាមឈានដល់២០ពាន់លានដុល្លារ ខណៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានគោលដៅ ១០ពាន់លានដុល្លាររួចហើយ។ ជំរុញពង្រីកវិស័យទេសចរណ៍នៃប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យកើនឡើងថែមទៀតផងដែរ ។

នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្ពោធបើកច្រកអន្តរជាតិរួមគ្នា កម្ពុជា-វៀតណាម នៅចំណុចតំបន់ព្រំដែនច្រកម៉ឺនជ័យ ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលជាផ្នែកនៃការបំពេញឲ្យគ្នាទៅវិញទៅមក។ ចំពោះវិស័យទេសចរណ៍ សម្តេចតេជោរីករាយនឹងកំណើនទេសចររបស់វៀតណាមនៅកម្ពុជា ដែលស្ថិតក្នុងលំដាប់លេខ១ ហើយទេសចរកម្ពុជា ក៏ទៅទស្សនាវៀតណាមច្រើនដែរ ជាពិសេស ទេសចរដែលទៅព្យាបាលជំងឺ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner