សម្ដេចតេជោ ស្វាគមន៍ចំពោះការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងបួគីណាហ្វាសូ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Daouda Bitie ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ ។
ឯកឧត្តម Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់ឯកឧត្តមផ្ទាល់ និងបានប្រគល់សារតាំង នាឱកាសនេះ។ ឯកឧត្តមបានជម្រាបជូន សម្ដេចតេជោ ថា ជាមោទនភាពសម្រាប់ឯកឧត្តម ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូត របស់បួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ឯកឧត្តមបាន នាំនូវពាក្យដ៏ថ្លៃថ្លាផ្តាំផ្ញើពីឯកឧត្តមប្រធានាធិបតីរបស់បួគីណាហ្វាសូ ជម្រាបជូន សម្តេចតេជោ ថា ពេលឯកឧត្តមមកបំពេញការងារនៅកម្ពុជា វាជាឱកាសមួយ ដែលបានរៀនសូត្រពីកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា និងបួគីណាហ្វាសូ គឺមានប្រវត្តិស្ថិតនៅក្រោម អាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយ ឯកឧត្តមចាប់អារម្មណ៍ផ្ទាល់លើបទពិសោធរបស់ សម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ដែលជាបទពិសោធ អាចយកជាគំរូ និងអាចរៀនសូត្របានក្នុងពេលដែល ឯកឧត្តមបានបំពេញការងារនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា សម្ដេចពេញចិត្ត ក្នុងការចែករំលែកនូវបទពិសោធ ហើយក៏ទទួលស្គាល់ថា បទពិសោធរបស់ប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំង ដែលអាចរៀនសូត្រពីគ្នា។
សម្ដេចតេជោ បានចែករំលែក ពីបទពិសោធនៃការដឹកនាំប្រទេស ដោយសម្ដេច បញ្ជាក់ថា យើងជាប្រទេសក្រីក្រអ្វីដែលយើងប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេស ដែលជំនួយខ្លះនឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើយើងខ្វះការគិតគូរឲ្យបានត្រឹមត្រូវ ។
សម្ដេចតេជោ ក៏បានចែករំលែក ទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដោយការវិនិយោគពីបរទេស ពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះគឺ ការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេស នឹងមើលឃើញស្ថានភាពល្អប្រសើរ ស្ថិរភាពនៅក្នុងប្រទេស ទើបគេមកវិនិយោគក្នុងប្រទេសយើង។
សម្ដេចតេជោ ក៏បានចែករំលែកពីការផ្ដល់យោបល់ពីបរទេស ជាពិសេស ប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថា ត្រឹមត្រូវទាំងអស់នោះទេ។ ដូច្នេះអ្វីដែលត្រូវប្រុងប្រយ័ត្ននោះ យោបល់របស់ពួកគេ ត្រូវតែមានការថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ពីព្រោះកម្ពុជា ក៏បានឆ្លងកាត់បទពិសោធនេះ រួចទៅហើយ ដូចជាការផ្ដល់យោបល់ឲ្យកម្ពុជាលក់គយ និងរឿងផ្សេងៗ មួយចំនួនទៀត។ សម្ដេចតេជោបានបញ្ជាក់ថា ពេលខ្លះប្រទេសអ្នកមានមួយចំនួន ពួកគេគ្រាន់តែមានសំណាងដែលបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ។
ទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ ឯកឧត្តមអគ្គរដ្ឋទូតបាន លើកឡើងចំណុចសំខាន់ ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះ គឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយឯកឧត្តមបានលើកឡើងថា ប្រទេសបួគីណាហ្វាសូ មានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយ អាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណា សម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុច ដែលត្រូវសហការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរ ឯកឧត្តម Daouda Bitie ឱ្យបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ