រដ្ឋបាលសៀមរាបផ្តោតការយកចិត្តទុកដាក់ជនភៀសសឹក និងពលករវិលត្រឡប់មកពីថៃ
សៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់អំពីការងារចម្បងនារយៈពេលចុងក្រោយនេះ គឺរដ្ឋបាលខេត្តបានផ្តោតការយកចិត្តទុកដាក់ចំពោះជនភៀសសឹក,គ្រួសារកងទ័ព ដែលកំពុងស្នាក់នៅជំរំសុវត្ថិភាពនិងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ក្រោមវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានជម្រាបកិច្ចប្រជុំ
អំពីការយកចិត្តទុកដាក់ចំពោះជនភៀសសឹក,គ្រួសារកងទ័ព ដែលកំពុងស្នាក់នៅជំរំសុវត្ថិភាព។ រដ្ឋបាលក្រុង ស្រុក ត្រូវផ្តោតលើសុខភាព អនាម័យ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះក៏បានជំរុញឱ្យពង្រឹងទីកន្លែងសង្គ្រោះ និងមន្ទីរពេទ្យសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ។

ដោយឡែកគិតត្រឹមពេលនេះ ខេត្តមានពលករវិលពីប្រទេសថៃជាងពីរម៉ឺននាក់។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា នេះជាកិច្ចការដែលរដ្ឋបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយអំពីឱកាសការងារដែលសមស្របសម្រាប់ពួកគេ។
មានចំណុចសំខាន់មួយទៀតក្នុងឆ្នាំ២០២៥ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ ប៉ុន្តែនឹងរៀបចំផ្សារទឹក និងផ្សារចុងសប្តាហ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ដោយ៖ប៊ុនរដ្ឋា


