ក្រសួងការបរទេសកម្ពុជា បញ្ជូនលិខិត តវ៉ាជាថ្មីពីការពង្រីកតំបន់ជម្លោះពីយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ
(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិត តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។
ក្រសួងការបទេសកម្ពុជា បានចាត់ទុកការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅ ចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។
ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថានៅថ្ងៃទី ២៦ និង ២៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធាន ការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំ ប្រតិបត្តិការយោធានៃកងទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា “ជម្លៀស” ពលរដ្ឋរបស់ខ្លួនចេញ ពីភូមិជោគជ័យ ក្នុងរយៈពេល ៣-៦ ខែខាងមុខ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខពីការបណ្តេញចេញដោយការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃបានដំឡើង ផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក៏បានផ្ញើលិខិត ផ្លូវការមួយច្បាប់ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបញ្ហា នេះផងដែរ។
ក្រសួងបានលើកឡើងទៀតថា រាល់សកម្មភាពខាងលើ និងផែនការដែលបានប្រកាសក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋថៃ លើតំបន់ដែលពលរដ្ឋខ្មែររាប់រយគ្រួសារបាននិងកំពុងរស់នៅរាប់ទស្សវត្សរ៍មកនោះ ការព្រួយបារម្មយ៉ាងខ្លាំង ស្របនឹងការប៉ុនប៉ងបោះបង្គោលព្រំដែនជាឯកតោភាគី តាមការប្រើប្រាស់មធ្យោបាយយោធា។ នេះគឺជាការរំលោភលើអាណត្តិការងាររបស់គណៈកម្មចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្ទុយពីស្មារតីនៃអនុស្សារណៈយោគយោលគ្នាឆ្នាំ២០០០(MOU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ កិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ស្មារតីមិត្តភាព ចំពោះវីវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្រប តាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថែរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕
ដោយ ៖ ម៉ាដេប៉ូ


