សំណង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ចេញជារូបរាងបណ្ដើរៗ
ពោធិ៍សាត់៖ការដ្ឋានសំណង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈនេះបានចេញជារូបរាងបណ្ដើរៗហើយ។សមិទ្ធនេះនឹងរួមចំណែកលើកកម្ពស់ដល់វិស័យសុខភាពសាធារណៈនៅក្នុងខេត្ត។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការដ្ឋាន។សំណង់នៃអគារពហុព្យាបាលនិងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់មានទំហំ៥៤ម៉ែត្រគុណ ២២ម៉ែត្រ និងកម្ពស់៥ជាន់ ។សំណង់នេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណឥន្ទរោ នៅ សុគន្ធថៃ ហៅ លោកតាហួ ព្រះចៅអធិការវត្តហង្សាបីតិ។

សំណង់នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។បច្ចុប្បន្នសម្រេចបានប្រមាណជា១៥ភាគរយហើយ ។ទោះជាយ៉ាងនេះក្តី ក៏នៅត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួមចំណែកបរិច្ចាគថវិកាបន្ដទៀតដែរ៕
ដោយ៖ចេង ពុំ


