លោក Trump ព្រមានកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញ បើចាញ់ក្តីលើការដំឡើងពន្ធ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកប្រហែលជាត្រូវកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលខ្លួនបានឈានដល់ជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសដទៃទៀត បើសិនលោកចាញ់រឿងក្តីដំឡើងពន្ធគយនៅតុលាការកំពូល ហើយបានព្រមានថា បើលោកចាញ់ក្តីនេះ នោះនឹងធ្វើឱ្យអាមេរិករងផលប៉ះពាល់ខ្លាំង។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា លោកប្រធានាធិបតី Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលរបស់លោកនឹងស្នើឱ្យតុលាការកំពូលលុបចោលវិញ នូវសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍អាមេរិកចេញកាលពីសប្តាហ៍មុន ដែលបានរកឃើញថា ការដំឡើងពន្ធភាគច្រើនរបស់លោក គឺជារឿងខុសច្បាប់។
យ៉ាងណា មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា លោករំពឹងថា រដ្ឋបាលរបស់លោកនឹងឈ្នះក្តីនៅក្នុងករណីនេះ។ លោកប្រធានាធិបតី Trump បាននិយាយទៀតថា យើងបានបង្កើតកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបដែលក្រុមប្រទេសប្លុកនេះ កំពុងបង់ប្រាក់ឱ្យយើងជិតមួយសែនកោដ៍ដុល្លារ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើរួចហើយ ហើយខ្ញុំគិតថា យើងនឹងកែសម្រួលវា។
ការអត្ថាធិប្បាយនេះជាលើកដំបូងរបស់លោកប្រធានាធិបតី Trump ដែលបាននិយាយជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានឈានដល់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលត្រូវបានចរចាដាច់ដោយឡែក នៅខាងក្រៅការដំឡើងពន្ធ ដែលអាចត្រូវបានលុបចោល ប្រសិនបើតុលាការកំពូលអនុញ្ញាតឱ្យមានសេចក្តីសម្រេចកាលពីថ្ងៃទី២៩ ខែសីហាកន្លងមកនេះ។
សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍បានដោះស្រាយភាពស្របច្បាប់ នៃអ្វីដែលលោកប្រធានាធិបតី Trump ហៅថា ការដំឡើងពន្ធបដិការ ដែលត្រូវបានដាក់ជាលើកដំបូង ជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មកាលពីខែមេសា ក៏ដូចជាពន្ធដាច់ដោយឡែកពីគ្នា ដែលបានដាក់ក្នុងខែកុម្ភៈ ប្រឆាំងនឹងប្រទេសចិន កាណាដា និងម៉ិកស៊ិក៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា