ឯកឧត្តម សូ វិសុទ្ធី៖ ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមាននវានុវត្ដន៍ឌីជីថល និងកំណើនសេដ្ឋកិច្ច
(ភ្នំពេញ)៖ ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមាននវានុវត្ដន៍ឌីជីថល និងកំណើនសេដ្ឋកិច្ច។ ការប្តេជ្ញាចិត្តរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជា តាមរយៈភាពជាដៃគូ កម្មវិធីពន្លឿន និង អភិវឌ្ឍធុរកិច្ចថ្មីឌីជីថល ពង្រីកបណ្ដាញទំនាក់ទំនងដៃគូ និង ឱកាសវិនិយោគ ជាមួយនឹងចក្ខុវិស័យលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថលឈានមុខមួយក្នុងតំបន់។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកា Plug and Play Cambodia Community Series: Scale and Connect ជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន រួមជាមួយនឹងថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងមជ្ឈមណ្ឌលបចេ្ចកវិទ្យាអេយូភីភី អ្នកជំនាញពន្លឿនធុរកិច្ចថ្មីឌីជីថល សហគមន៍ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងនិស្សិត សរុបប្រមាណ ១៦០រូប។
វេទិកា Plug and Play Cambodia Community Series: Scale and Connect នេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បង្កើនទំនាក់ទំនង និងបណ្ដុះគំនិតដល់សហគមន៍ស្ថាបនិកធុរកិច្ចថ្មី ដើម្បីពង្រីកអាជីវកម្មទៅក្នុងតំបន់និងសកលលោក។
ឯកឧត្តម សូ វិសុទ្ធី ក៏បានជូនដំណឹងអំពីកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់ Plug and Play Cambodia ដែលគ្រោងរៀបចំឡើងក្នុង ខែតុលា ឆ្នាំ២០២៥ខាងមុខ និងបានសំណូមពរដល់សហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់ចូលរួមក្នុងកម្មវិធីខាងលើដើម្បីពង្រឹងសមត្ថភាព សក្ដានុពល និងអាចពង្រីកអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់និងសកលលោក ៕
ដោយ៖ង៉ាន់ ទិត្យ








