មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ៖ ស្ថិតិពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងថា ស្ថិតិពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ការរៀបចំធ្វើផែនការយុទ្ធសាស្រ្ត ការរៀបចំគោលនយោបាយ និងសម្រាប់បម្រើដល់ការសម្រេចចិត្តក្នុងការធ្វើវិនិយោគគម្រោងណាមួយដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មដែលមានលក្ខណៈសុក្រិត្យត្រឹមត្រូវ ។
ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្ថិតិពាណិជ្ជកម្ម និងការប្រើប្រាស់ឧបករណ៍វីភាគទីផ្សារ” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីមកពីមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត ជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ស្ថិតិពាណិជ្ជកម្ម ទាមទារនូវការសិក្សាអំពីតម្រូវការទីផ្សារសកល និងទីផ្សារសក្តានុពលសម្រាប់ផលិតផលជាក់លាក់ណាមួយ ដោយពិនិត្យមើលសូចនាករពាណិជ្ជកម្ម ទំហំនៃទីផ្សារនាំចេញ-នាំចូល កំណើននៃការនាំចេញ-នាំចូល និងឯកតាថ្លៃ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ការសិក្សាអំពីប្រតិបត្តិការធ្វើពាណិជ្ជកម្មរបស់ប្រទេសមួយ ការកំណត់ដៃគូប្រកួតប្រជែងសំខាន់ៗ វិភាគអំពីអត្រាពន្ធប្រព្រឹត្តិកម្មប្រជាជាតិ (MFN) ពន្ធអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)ក្នុងការនាំចេញ ដើម្បីទទួលបានអត្រាពន្ធចេញអនុគ្រោះជាអតិបរមា ព្រមទាំងសិក្សាអំពីលក្ខខណ្ឌតម្រូវការច្រកចូលទីផ្សារ ៖ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម ស្តង់ដា គុណភាពទំនិញ អនាម័យ និងភូតគាមអនាម័យ (SPS) សុវត្ថិភាព អនុលោមភាព បទប្បញ្ញាត្តិបច្ចេកទេស និងវិធានដើមកំណើតទំនិញជាដើម ៕
ដោយ ៖ ង៉ាន់ ទិត្យ








