សិង្ហបុរីជួយ ៥ ម៉ីនដុល្លារ ដល់ពលរដ្ឋរងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
សិង្ហបុរី ៖ រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ប្រាក់ចំនួន ៥០,០០០ ដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិការបស់កាកបាទក្រហមសិង្ហបុរី ហៅកាត់ (SRC) សម្រាប់ដោះស្រាយវិបត្តិមនុស្សធម៌បង្កឡើងពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថាន។
ក្រសួងការបរទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សិង្ហបុរីសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារអាហ្វហ្គានីស្ថាន ដែលរងគ្រោះដោយសារការរញ្ជួយដីថ្មីៗនេះ ហើយកាកបាទក្រហមសិង្ហបុរីសន្យាថា នឹងអំពាវនាវរៃអង្គាសថវិកា ដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់។
យោងតាមសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានឱ្យដឹងថា មនុស្សជាង ១.៣ លាននាក់បានរងផលប៉ះពាល់ដោយសារការរញ្ជួយដីចុងក្រោយនេះ ហើយផ្ទះរាប់រយខ្នងរបស់ប្រជាជនត្រូវបានបំផ្លាញ ឬរងការខូចខាតធ្ងន់ធ្ងរ។
គួរកត់សម្គាល់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត ៦.០រ៉ិចទ័របានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន បានកើនឡើងដល់ ២.២០៥ នាក់ និង ៣.៦៤០នាក់ទៀតរងរបួស នេះបើយោងតាមចំនួនអ្នកស្លាប់របស់រដ្ឋាភិបាលតាលីបង៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
