និស្សិតឆ្នើម ១រូប ទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ និស្សិតឆ្នើម ១រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (Certified Accounting Technician – CAT)(ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៥ ។

ក្រោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក និស្សិតរូបនេះ ត្រូវបានវិទ្យាស្ថានខេមអេដ រៀបចំកម្មវិធីអបអរសារទរ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ព្រមទាំងសាស្រ្តាចារ្យ គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ។

លោក ខេស៊ី បាណេត មានប្រសាសន៍ថា៖ ក្នុងរយៈពេល ៥ឆ្នាំដំបូង ដែលវិទ្យាស្ថានខេមអេដ ចាប់ផ្តើមបង្រៀនសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA ដោយមិនមាន និស្សិតទទួលជ័យលាភីឆ្នើមលើពិភពលោកនោះទេ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងពង្រឹងគុណភាព ក៏ដូចជានាំ យកមកនូវសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងគុណវុឌ្ឍិខ្ពស់មកបង្រៀនសិស្សនិស្សិតមក ក៏មាននិស្សិតទទួលបានជ័យលាភីជាហូរហែរក្នុងការប្រឡងជាអន្តរជាតិនានា តួយ៉ាងដូចជាថ្ងៃនេះ វិទ្យាស្ថានខេមអេដ ពិតជាមានមោទកភាពដែលនិស្សិតចំនួនមួយរូប គឺលោក នាវ សន្ធរ៉ាបុត្រ ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេស ផ្នែកគណនេយ្យនេះ។ ភាពជោគជ័យរបស់ប្អូននៅក្នុងពេលនេះ មិនត្រឹមតែបង្ហាញពីសក្តានុពលរបស់ប្អូនប៉ុណ្ណោះទេ តែក៏បង្ហាញពីកំណើនសមត្ថភាព ក៏ដូចជា សក្តានុពលរបស់យុវជនកម្ពុជាទាំងមូល ដែលមានសមត្ថភាពក្នុងកាសិក្សារៀនសូត្រ មានជំនាញ និងសមត្ថភាពខ្ពស់ក្នុងការប្រឡងយកជ័យលាភីល្អដាច់គេលើពិភពលោក ។

លោកបានបញ្ជាក់ផងដែរថា ក្នុងការប្រឡងដណ្តើមយកជ័យលាភីលេខ១ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ ពិតជាមានការប្រកួតប្រជែងខ្លាំងពីសំណាក់និស្សិតដែលសិក្សា កម្មវិធីនេះនៅចក្រភពអង់គ្លេស បណ្តាប្រទេសផ្សេងៗដូចជាសិង្ហបុរី ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងប្រទេសជាច្រើនផ្សេងទៀត។ ដោយឡែក ការប្រឡង និសិ្សតក៏តម្រូវឲ្យប្រឡងនៅលើវិញ្ញាសារដូចគ្នា និងនៅម៉ោងពេលតែមួយផងដែរ ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ងី តាយី បានចូលរួមអបអរសាទរដល់និស្សិតឆ្នើម និងថ្លែងអំណរគុណដល់ លោកនាយកនៃវិទ្យាស្ថានខេមអេដ ដែលតែងតែចូលរួមក្នុង ការអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មក្នុងប្រទេសកម្ពុជា តាមរយៈការនាំយកនូវកម្មវិធីសញ្ញាបត្រជំនាញអ្នក បច្ចេកទេសផ្នែកគណនេយ្យ CAT និងសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA មកបង្រៀននៅប្រទេសកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកនូវសាស្ត្រាចារ្យល្អៗមកពីទូទាំងពិភពលោកមកបង្រៀននិស្សិតកម្ពុជា។ ការចូលរួមនេះបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការ បង្កើននូវអព្យាក្រឹតភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការប្រកាសពន្ធពីសំណាក់អង្គភាពនានា ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក នាវ សន្ធរ៉ាបុត្រ គឺជានិស្សិតដែលកំពុងសិក្សាកម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថានខេមអេដ។ និស្សិតរូបនេះ បានទទួលពិន្ទុខ្ពស់លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (Certified Accounting Technician–CAT) (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានពិន្ទុខ្ពស់ក្នុងចំណោមនិស្សិតជាច្រើននាក់ នៅទូទាំងពិភពលោកដែលបានប្រឡងលើមុខវិជ្ជាមួយនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner