អង្គការសុខភាពពិភពលោក ៖ ជំងឺអុតស្វាលែងជាភាពអាសន្នរបស់ពិភពលោកទៀតហើយ
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ប្រកាសថា ជំងឺអុតស្វា ឬ Mpox លែងជាភាពអាសន្នគំរាមកំហែងដល់សុខភាពរបស់មនុស្សជាតិលើពិភពលោកតទៅទៀតហើយ។
មូលហេតុដែលអង្គការសុខភាពពិភពលោក (WHO) សម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែមើលឃើញករណីឆ្លងថ្មីៗ និង ករណីស្លាប់ជាប់ពាក់ព័ន្ធនឹងជំងឺអុតស្វាបានធ្លាក់ចុះយ៉ាងគំហុក ពិសេសនៅក្នុងប្រទេសកុងហ្គោ និង បណ្តាប្រទេសរងផលប៉ះពាល់ផ្សេងទៀតលើពិភពលោក។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា លោកបានទទួលយកការណែនាំរបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់យូអិន ដើម្បីដកជំងឺអុតស្វាចេញពីការព្រួយបារម្ភសកលផ្នែកសុខភាពសាធារណៈអន្តរជាតិ ហៅកាត់ (PHEIC)។
លោកថា ការសម្រេចចិត្តធ្វើដូច្នេះ គឺដោយសារតែមើលឃើញករណីឆ្លង និងស្លាប់ថ្មីៗធ្លាក់ចុះខ្លាំងនៅកុងហ្គោ និង បណ្តាប្រទេសរងផលប៉ះពាល់ផ្សេងទៀត មានដូចជាប៊ូរុនឌី, សៀរ៉ាឡេអូន និងអ៊ូហ្គង់ដាជាដើម។
សូមរម្លឹកថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការព្រួយបារម្ភសកលផ្នែកសុខភាពសាធារណៈអន្តរជាតិ (PHEIC) នៅក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការរីករាលដាលនៃជំងឺអុតស្វាបានផ្ទុះឡើង ហើយរាតត្បាតខ្លាំងនៅក្នុងប្រទេសកុងហ្គោ ដែលមានករណីឆ្លងជាង ៩០ភាគរយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




