លោក ត្រាំ ថា ការប្តូរឈ្មោះក្រសួងសង្គ្រាម ជា “ការផ្ញើសារនៃជ័យជំនះ” ទៅដល់ពិភពលោក

វ៉ាស៊ីនតោន ៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយជាផ្លូវការ កាលពីថ្ងៃសុក្រ ដោយប្តូរឈ្មោះក្រសួងការពារជាតិជាក្រសួងសង្គ្រាម ដោយនិយាយថា នេះជាការផ្ញើសារនៃជ័យជំនះទៅកាន់ពិភពលោកទាំងមូល។

ការប្តូរឈ្មោះនេះ គឺជាផ្នែកមួយនៃការពង្រឹងអំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងក្រៅប្រទេសនៅក្នុងអាណត្តិទីពីររបស់គាត់ ដែលជាផ្នែកមួយនៃគោលនយោបាយ “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត”។

លោកប្រធានាធិបតី ត្រាំ បានថ្លែងការពារការសម្រេចចិត្តបែបនេះថា ឈ្មោះបច្ចុប្បន្នមានតាំងពីជាង ៧០ ឆ្នាំមកហើយ… វាគួរឲ្យភ្ញាក់ផ្អើលខ្លាំង។

ដូច្នេះលោកគិតថា ការប្តូរឈ្មោះទៅជាក្រសួងសង្គ្រាម ដែលជាឈ្មោះធ្លាប់ប្រើអស់រយៈពេលជាង ១៥០ ឆ្នាំចាប់ពីឆ្នាំ ១៧៨៩ វាជាការផ្ញើសារនៃជ័យជំនះទៅកាន់ពិភពលោក។

ចំណែកប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺ មិនមែនគ្រាន់តែជាការប្តូរឈ្មោះនោះទេ វាក៏ជាការស្ដារមុខមាត់អ្នកចម្បាំងអាមេរិកឡើងវិញផងដែរ។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ត្រាំ មិនអាចប្តូរឈ្មោះជាផ្លូវការរបស់មន្ទីរបញ្ចកោណដោយគ្មានការយល់ព្រមពីសភានោះទេ ប៉ុន្តែបទបញ្ជារបស់បុរសខ្លាំងអាមេរិកវ័យ ៧៩ឆ្នាំរូបនេះអនុញ្ញាតឱ្យប្រើប្រាស់ស្លាកសញ្ញាថ្មី ជា “ឈ្មោះក្រៅផ្លូវការ”។

គួរកត់សម្គាល់ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកប្រធានាធិបតី Trump បានកំណត់ប្តូរឈ្មោះទីតាំង និងស្ថាប័នជាច្រើន រួមទាំងឈូងសមុទ្រម៉ិកស៊ិក និងយកមកប្រើវិញឈ្មោះដើមនៃមូលដ្ឋានយោធា ដែលត្រូវបានកែប្រែបន្ទាប់ពីការតវ៉ាទាមទារយុត្តិធម៌ជាតិសាសន៍៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner