អាមេរិកឆ្មក់ចាប់ខ្លួនមនុស្សជិត ៥០០នាក់ សម្ងំធ្វើការខុសច្បាប់នៅរោងចក្រ Hyundai-LG

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់ នៅថ្ងៃសុក្រ និយាយថា មនុស្សប្រហែល ៤៧៥នាក់ត្រូវបានអាជ្ញាធរឡោមព័ទ្ធចាប់ខ្លួន ក្នុងនោះភាគច្រើនជាជនជាតិកូរ៉េខាងត្បូង ដែលសម្ងំធ្វើការនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ នៅក្នុងរោងចក្រផលិតអាគុយ Hyundai-LG ដែលកំពុងសាងសង់នៅរដ្ឋ Georgia ភាគខាងត្បូង។

ប្រធានទីភ្នាក់ងារពិសេសផ្នែគស៊ើបអង្កេតសន្តិសុខមាតុភូមិនៅអាត្លង់តា លោក Steven Schrank និយាយថា ប្រតិបត្តិការនេះ គឺជាការវាយឆ្មក់ចូលទីតាំងដ៏ធំបំផុតមួយ ដែលជាផ្នែកមួយនៃការជំរុញប្រឆាំងនឹងជនចំណាកស្រុកខុសច្បាប់ទូទាំងប្រទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Schrank បានប្រាប់អ្នកយកព័ត៌មានថា ការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយយោងតាម “ការស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទិននឹងការអនុវត្តការងារខុសច្បាប់ និងឧក្រិដ្ឋកម្មសហព័ន្ធធ្ងន់ធ្ងរ” នៅរោងចក្របណ្តាក់ទុនរួមគ្នារវាង Hyundai Motor និង LG Energy Solution ក្នុងទីក្រុង Ellabell។

ជាមួយគ្នានេះ កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភ និងការសោកស្តាយចំពោះការវាយឆ្មក់នេះ ហើយបានជំរុញឱ្យអាមេរិកគោរពសិទ្ធិរបស់ប្រជាជនខ្លួន។ នៅទីក្រុងសេអ៊ូល ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន AFP ថា ជនជាតិកូរ៉េខាងត្បូងប្រហែល ៣០០ នាក់ត្រូវបានឃុំខ្លួនអំឡុងការវាយឆ្មក់នោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner